ដោយៈ គង់ និស្ស័យ
កំពតៈ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ពិធីបញ្ចុះបឋមសិលាសាងសង់ ព្រះពិទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូគោ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញសម្ភោធបើកការដ្ឋានសាងសង់ពុទ្ឋបដិមាខ្ពស់ជាងគេនៅកម្ពុជា និងលើពិភពលោក។
ក្រុមហ៊ុន សុខា អូតែល ដែលមាន អ្នកឧកញ៉ា បណ្ឌិត សុខ គង់ ជាប្រធាន បានទទួលការអនុញ្ញាតជា គោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតលេខ ៧៣០ សជណ.ដប ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងលិខិតលេខ ១៥៨០ សជណ.បស្ថ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុនសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្តវាល ស្រែប្រាំរយ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ” ដែលមានលក្ខណៈ និងរសនិយមជាខ្មែរ ស្របតាមក្បួនខ្នាត ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងរចនាប័ទ្មជាតិ ដែលមានការឯកភាពពីក្រុមការងារអន្តរក្រសួង និងការឯកភាព គាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវឧកញ៉ា សុខ ចាន់ថា តំណាងក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមានេះ ជាព្រះពុទ្ធប្បដិមាដែលធំហើយខ្ពស់ជាងគេនៅ ព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗ នៅលើពិភពលោក ដែលមានទម្រង់ជា ព្រះពុទ្ធមារវិជ័យ ឬ ផ្ចាញ់មារ នៃរចនាប័ទ្មបាយ័ន ដែលជារចនាប័ទ្មកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ សតវត្សរ៍ទី១៣។ ព្រះពុទ្ធប្បដិមានេះ នឹងសាងសង់អំពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្ត្រទៅទិសខាងកើត មានកម្ពស់១០៨ ម៉ែត្រ ពីនីវ៉ូសូន្យនៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលី ដែលតំណាងមង្គលទាំង១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែន នៅលើបល្ល័ង្កផ្កាឈូករាងរង្វង់(វដ្តសង្ខារ) ដែលទម្រង់ក្បាច់រចនាបល្ល័ង្កនេះ យកលំនាំតាមផ្នែកមួយរបស់សសរ ពេជ្រប្រាសាទដំរីក្រាបនៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី២ សតវត្សរ៍ទី៩ ។
លោកជំទាវបន្តថា ចំពោះខឿនផ្ទាល់ដី យកលំនាំតាមរចនាប័ទ្មអង្គរវត្ត ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ។ ចំណែកខឿនជាន់ទី១ មាន ក្តារបែន ឬ រានហាលនៅចំពីមុខ សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប៧អង្គ និងព្រះអសីតិសាវ័ក៥អង្គ សរុប១២ អង្គ(តំណាងឱ្យខែឆ្នាំទាំង១២) គង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធប្បដិមាអង្គធំ និងមាន ជណ្តើរចំនួន៨(តំណាងទិសទាំង៨ និងអរិយមគ្គទាំង៨) សម្រាប់ឡើងឆ្ពោះទៅកាន់ទីសក្ការៈនៃព្រះពុទ្ធប្បដិមា។
ជារួមគម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះ ជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា ដោយ ឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយព្រះពុទ្ធ ប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៌សាសនាជាតិ តជំនាន់សម្រាប់ជាទីសក្ការៈ ដ៏ឧដុង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គា្ន ជារហូតតរៀងទៅ ។
លោកជំទាវបានបន្តថា ការសាងសង់ព្រះពុទ្ធប្បដិមានេះ ត្រូវចំណាយពេលវេលាសាងសង់ប្រមាណ៤ឆ្នាំ ថវិកាប្រមាណ៣០ លានដុល្លារសហរដ្ឋអាមេរិក ។
លោកជំទាវសុខ ចាន់ថាបានបញ្ជាក់ឲ្យដឹងផងដែរថា ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យ ជាមួយនឹងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ អាចចូលរួមជាបច្ច័យ និងទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន៕