កម្ពុជាកាន់តែមានសមត្ថភាពខ្ពស់ក្នុងការផលិតស៊ីម៉ង់តិ៍ដែលអាចបម្រើទីផ្សារក្នុងស្រុកកាន់តែច្រើន

ដោយ ៖ សុវណ្ណារ៉ា

ភ្នំពេញ ៖ រោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ កំពុងមានដំណើរការយ៉ាងសកម្ម និងបង្កើនលទ្ធភាពខ្ពស់ក្នុងការផលិតស៊ីម៉ង់តិ៍សម្រាប់បម្រើតម្រូវការទីផ្សារសំណង់ក្នុងស្រុកដែលជាមធ្យមមានចំនួនរហូតដល់ប្រមានជាង៨លានតោនក្នុងមួយឆ្នាំ។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំស្ដីពីការវាយតម្លៃលទ្ធផលការងារ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) នៅតែមានដំណើរការនៃសង្វាក់ផលិតកម្មរបស់រោងចក្រទាំង៥នៅកម្ពុជា នៅតែបន្តមានសកម្មភាព ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បានអះអាងថា រោងចក្រផលិតកម្មស៊ីម៉ង់តិ៍ទាំង៥ដែលជាសមាជិករបស់ខ្លួននៅមាននិរន្តភាពក្នុងផលិតសម្រាប់ទីផ្សារសំណង់ក្នុងស្រុករាប់លានតោន និងការនាំចេញ ដែលអាចរក្សាការងារជូនកម្មករជាធម្មតា ទោះជាស្ថិតនៅក្នុងវិបត្តិនៃសេដ្ឋកិច្ចសាកលនៅពេលបច្ចុប្បន្ននេះក៏ដោយ។

ក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន៥ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នរួមមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA បានប្តេជ្ញាអនុវត្តតាម និងខិតខំរក្សាការពារការងារជូនដល់កម្មករ ប្រជាពលរដ្ឋ ក្នុងនោះសមាគមក៏សូមអរគុណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់គាំទ្រដល់ ឧស្សាហកម្មស៊ីម៉ង់តិ៍ក្នុងស្រុក ក៏ដូចជាក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងបរិស្ថានផងដែរ។

ជាថ្មីម្ដងទៀត សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់វិស័យឧស្សាហកម្ម និងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យនៅតែបន្តនិរន្តរភាព និងឈានទៅមុខជានិច្ច។

ទី១៖ រោងចក្រផលិតស៊ីម៉ងត៍កម្ពុជាចក្រីទីង (Cambodia Cement Chakreyting Co,. Ltd) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១.១លានតោនក្នុងមួយឆ្នាំ។
ទី២៖ រោងចក្រ Battambang Conch Cement Company Limited មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
ទី៣៖ រោងចក្រផលិតស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី ជារោងចក្រផលិតស៊ីម៉ងត៍ទី១ របស់ព្រះរាជាណាចក្រកម្ពុជា និងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
ទី៤៖ រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ១,៧លានតោនក្នុងមួយឆ្នាំ។
ទី៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណជាង១លានតោនក្នុងមួយឆ្នាំ។

ជារួមតាមរយៈសមត្ថភាពរបស់រោងចក្រទាំង៥ខាងលើនេះ ជាមធ្យមអាចផលិតបានស៊ីម៉ង់តិ៍សរុបប្រមាណជាង៨លានតោនក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា និងសម្រាប់ធ្វើការនាំចេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here