ប្រទេសកម្ពុជារកបានចំណូលជាង១ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង៦៧ម៉ឺនតោន

ដោយ៖ សុផារី

ភ្នំពេញ៖ ការដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ មានដូចជាខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម។ ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន១.០៧៧លានដុល្លារ ថយចុះ៣៤,៦៥ភាគរយ។

របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ ១០០ភាគរយបាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន ៦៦ម៉ឺនតោន ថយចុះ ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានថ្លែងថា “រយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រជាកសិករប្រកបរបដាំចន្ទីនេះមានការខាតបង់ ប្រមូលផលបានតិច ចំណែកផលដែលទទួលបានវិញ មានគុណភាពទាប និងលក់ចេញបានតម្លៃថោក បូកផ្សំជាមួយការឡើងថ្លៃនៃជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ”។

លោកបន្ដថា បញ្ហាទាំងនេះហើយដែលធ្វើឲ្យប្រជាកសិករ សម្រេចកាប់ដើមចន្ទីចោលប្រមាណ ១០ម៉ឺនហិចតា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលធ្លាក់ចុះពី៨០ម៉ឺនហិចតា មកនៅត្រឹមតែ ៧០ម៉ឺនហិចតាប៉ុណ្ណោះ នៅចុងឆ្នាំ២០២២។

សមាគមស្វាយចន្ទីកម្ពុជារំពឹងថា​ “ទោះបីជាកសិករកាប់ស្វាយចន្ទីអស់១០ម៉ឺនហិកតា សល់តែ៧០ម៉ឺនហិកតាក្ដី ក្នុងករណីអាកាសធាតុអំណោយផលយើងនៅតែរំពឹងថា កម្ពុជាអាចផលិតគ្រាប់ចន្ទីឆៅចន្លោះ៨០ម៉ឺនតោនទៅ១លានតោន ក្នុងឆ្នាំ២០២៣”៕

LEAVE A REPLY

Please enter your comment!
Please enter your name here