កម្ពុជាបាននាំចេញផលិតផលធ្វើដំណើររហូតដល់៨០ភាគរយ ទៅកាន់សហរដ្ឋអាមេរិក

ដោយ: លាងហួរ

ភ្នំពេញ: ការកើនឡើងនៃតម្រូវការពីសហរដ្ឋអាមេរិក បានរួមចំណែកដល់ការរីកចម្រើនលូតលាស់យ៉ាងលឿន នៃឧស្សាហកម្មផលិតផលធ្វើដំណើរ(TG) នៅក្នុងប្រទេសកម្ពុជា បើធៀបទៅនឹងឧស្សាហកម្មកាត់ដេរមួយរយៈនេះ ។

យោងតាមរបាយការណ៍សង្ខេបស្តីពី ទំនិញកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ (GFT) ដែលបានចេញផ្សាយរួមគ្នានាពេលថ្មីៗនេះ ដោយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា ៨០ភាគរយនៃការនាំចេញ TG សរុបរបស់កម្ពុជាត្រូវបានដឹកជញ្ជូន ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០២១ បើប្រៀបធៀបទៅនឹង២០ភាគរយ ក្នុងឆ្នាំ២០១២។

តួលេខនេះស្មើនឹងអត្រាកំណើនជាមធ្យម១០២ភាគរយ ក្នុងមួយឆ្នាំនៃការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល២០១៧-២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើប្រៀបធៀបទៅនឹងតួលេខនេះបានបង្ហាញថា កម្ពុជាបាននាំចេញ TG តែ៦ភាគរយប៉ុណ្ណោះ ទៅកាន់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ ហើយនៅសល់១៤ភាគរយទៀត ត្រូវបាននាំចេញទៅកាន់ទីផ្សារផ្សេងទៀត។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានបង្ហាញថា នៅឆ្នាំ២០២១ ទំហំនៃការនាំចេញGFT សរុបបានកើនឡើង១៥ភាគរយ ខណៈដែលការនាំចេញTG បានកើនឡើង៥៥ភាគរយ ធៀបនឹងឆ្នាំ២០២០។

ដោយសារចំណែកនៃការនាំចេញTG របស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុបមានកម្រិតទាប ការដកផ្នែកខ្លះនៃEBA របស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២០ បានជះឥទ្ធិពលតិចតួចប៉ុណ្ណោះលើវិស័យTG របស់កម្ពុជាទាំងមូល។

ទោះជាយ៉ាងនេះក្តី ការដកEBA បានកាត់បន្ថយចំណែកនៃផលិត ផល TG របស់កម្ពុជា ដែលកំណត់សម្រាប់សហភាពអឺរ៉ុប។

កំណើននៃវិស័យTG ក៏ត្រូវបានជំរុញដោយការពង្រីក ចំនួនរោងចក្រផលិតផលិតផលធ្វើដំណើរ ដែលបានចុះបញ្ជីជាផ្លូវការ ក៏ដូចជាការកើនឡើងនៃចំនួនកម្មករនិយោជិតផងដែរ។

ទោះបីជាមានការថយចុះបន្តិច នៃចំនួនរោងចក្រ TG ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២២នេះ ប៉ុន្តែចំនួនបុគ្គលិកនៅតាមសហគ្រាសទាំងនោះបានកើនឡើងរហូតដល់៩៨.២៨២ នាក់។

ប្រាក់បៀវត្សរ៍របស់រោងចក្រ TG ក៏បានកើនឡើងផងដែរ ស្របតាមតម្លៃនាំចេញ និងចំនួនបុគ្គលិក។

ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ នៃវិស័យផលិតផលធ្វើដំណើរ បានកើនឡើងពី១៣០លានដុល្លារ ក្នុងឆ្នាំ២០១៩ រហូតដល់២៨៥លានដុល្លារក្នុងឆ្នាំ២០២១។

ប្រាក់ចំណូលប្រចាំខែជាមធ្យម និងពិតប្រាកដ (រួមទាំងប្រាក់បន្ថែមម៉ោង និងប្រាក់ឧបត្ថម្ភ) របស់កម្មករនៅក្នុងវិស័យ TG ក៏បានកើនឡើងជាលំដាប់ក្នុងរយៈពេលនេះ។

ប្រាក់ចំណូលប្រចាំខែបន្ទាប់បន្សំ របស់កម្មករTGរបស់កម្ពុជា បានកើនឡើងពី២៣៥ដុល្លារ ក្នុងឆ្នាំ២០១៩ រហូតដល់២៣៨ដុល្លារ ក្នុងឆ្នាំ២០២០ និងកើនឡើងបន្ថែមទៀតដល់២៧៨ដុល្លារ ក្នុងឆ្នាំ២០២១ ប៉ុន្តែវាបានថយចុះបន្តិច មកត្រឹម២៧៦ដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here