ដោយ៖ សុផារី
ភ្នំពេញ៖ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិច្រើនជាង៣លាននាក់ ខណៈពេញមួយឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិច្រើនជាង២,២លាននាក់ និងទេសចរផ្ទៃក្នុង ច្រើនជាង១៣លាននាក់។
នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល នៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការរំពឹងទុករបស់កម្ពុជានឹងអាចទទួលបានទេសចរអន្តរជាតិច្រើនជាង៣លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ គឺដោយសារជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តី បានលើកឡើងបន្ត ជាចក្ខុវិស័យ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ត្រូវផ្អែកជាចំបងលើសក្តានុពលដែលយើងមាន ដូចជា កត្តាធនធានវប្បធម៌ និងធម្មជាតិ កត្តាភូមិសាស្រ្ត និងកត្តាប្រជាសាស្រ្ត ជាមួយនឹងការគិតគូរជាប់ជាប្រចាំពីការប្រែប្រួលឥតឈប់ឈរនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសេដ្ឋកិច្ច-សង្គម ដែលមានទាំងកាលានុវត្តភាពថ្មី និងបញ្ហាប្រឈមថ្មី។
លោក ថោង ខុន បានអំពាវនាវបន្ថែមដែរ ទៅដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់, រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបន្តចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្តារវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១,៩១លាននាក់ កើនឡើងជាង ១ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសមានភ្ញៀវទេសចរជាតិមានចំនួនជាង១១,៦៥លាននាក់ កើនឡើងក្នុងអត្រា ១៨១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង ជាង១,៦៤លាននាក់ កើនឡើងក្នុងអត្រា៦០២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕