រដ្ឋបាលខេត្តកែបត្រៀមរៀនចំ​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយដើម្បីអបអរសាទរ​បុណ្យ​ចូលឆ្នាំ​សកល​ ឆ្នាំ​២០២៣

ដោយ៖ សុផារី

កែបៈ រដ្ឋបាលខេត្ត​កែប​បានចេញ​សេចក្តីណែនាំ​ស្តីពី​ការគ្រប់គ្រង ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ បរិស្ថាន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ខាងមុខ ហើយ​ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ឆ្នាំ​២០២២ ឆ្លង​ចូលឆ្នាំ​២០២៣​នេះ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​ជាច្រើន​ផងដែរ​។​

​            សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១៥​ខែធ្នូ​បាន​លើកឡើងថា ខេត្ត​កែប គឺជា​ខេត្ត​ទេសចរណ៍ធម្មជាតិ​ដែល​បច្ចុប្បន្ន​កំពុងមាន​ភាព​ទាក់ទាញ និង​ចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។ ជាមួយនេះ ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ឆ្នាំ​២០២២ ឆ្លង ចូលឆ្នាំ​២០២៣ ខាងមុខនេះ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​ជាច្រើន​ដូចជា ការតាំងពិព័រណ៍​ផលិតផល ការ​អុំទូក​ផ្កាចារ​សមុទ្រ បង្ហើរខ្លែង រួម​ជាមួយនឹង​ការប្រគំ​តន្ត្រី ការអុច​កាំជ្រួច និង​បង្ហោះគោម​ក្នុងពេល​រាត្រី​ផងដែរ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​            ដើម្បី​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ​សាធារណៈ និង​ធានាបាន​អនាម័យ បរិស្ថាន ឱ្យមាន​ភាពល្អប្រសើរ​នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ រដ្ឋបាលខេត្ត​កែប បានធ្វើ​ការណែនាំ​ដល់​គ្រប់​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក ត្រូវ​កែលម្អ​សោភណភាព សម្អាត​អនាម័យ បរិស្ថាន ក្នុង​និង ក្រៅ​បរិវេណ​មន្ទីរ អង្គភាព សួនច្បារ​ដងផ្លូវ ៣៣​អា តាម​មុខសញ្ញា​នីមួយៗ​ឱ្យមាន​សោភណភាព​ស្រស់ បំព្រង ការដាក់​ភ្លើង​បំភ្លឺ​នៅពេល​រាត្រី រួមទាំង​ការ​ដោត​ទង់ជាតិ និង​ទង់ជ្វាលា​។​

​            ក្រៅពីនោះ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​បង្កើន​កិច្ចការពារ ថែរក្សា ធានា​សន្តិសុខ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម ចរាចរណ៍ បង្ក​ភាពសប្បាយ​រីករាយ ធានា​សុវត្ថិភាព​ជូន មហាជន ប្រជាជន មុនពេល ក្នុងពេល និង​ក្រោយពេល​ប្រារព្ធ​រៀបចំ​ព្រឹត្តិការណ៍​។​

​            លើសពីនោះ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​ចុះ និង​ណែនាំ​ដល់​គ្រឹះស្ថានសាធារណៈ ផ្នែក​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ដោត​ទង់ជាតិ និង​ទង់ជ្វាលា​ឱ្យបាន​គ្រប់ៗ​និវេសនដ្ឋាន និង​ខ្នង​ផ្ទះ​ដែល​ជាប់​ក្នុង​ផ្លូវជាតិ​សំខាន់​។​

​            គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ក៏ត្រូវ​ចុះ​ណែនាំ​ដល់​បងប្អូន ប្រជាពលរដ្ឋ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្គា​ឡូត៍ រី​ស៊​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ក្នុងការ​សម្អាត​អនាម័យ បរិស្ថាន ពិសេស​ការ​ទុកដាក់​កាកសំណល់​រឹង​-​រាវ ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​ផងដែរ​។

​            អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវមាន​វិធានការ និង​កំណត់​ទីតាំង​លក់ដូរ​ឱ្យបាន​ច្បាស់លាស់ ដោយ រក្សាបាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ហើយ​គ្រប់​មន្ទីរ អង្គភាព​ជំនាញ​ដែលមាន​ការពាក់ព័ន្ធ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​នៅតាម​បណ្តា​ទីតាំង​ដែលមាន​ការលក់ដូរ​ទំនិញ​ផ្សេងៗ អំពី​គុណភាព រង្វាស់រង្វាល់ ការដំឡើង​ថ្លៃទំនិញ និង​សេវា ឱ្យមាន​ភាពសមស្រប​។​

​            ដោយឡែក​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ត្រូវ​ចាត់តាំង​ក្រុមគ្រូពេទ្យ និង​រថយន្ត​សង្គ្រោះបន្ទាន់​ប្រចាំការ នៅតាម​រមណីយដ្ឋាន និង​ទីប្រជុំជន​កម្សាន្ត​សប្បាយ​សម្រាប់​ត្រៀម​ជួយសង្គ្រោះ និង​ដឹកជញ្ជូន​ជនរងគ្រោះ​នៅតាម​ទីសាធារណៈ ករណី​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​។​

​            ចំពោះ​មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​សហការ​ត្រួតពិនិត្យ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ថែរក្សា​បរិស្ថាន អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា ឱ្យបាន​សមរម្យ និង​អប់រំ​វិធានការ​សុខាភិបាល “៣​ការពារ ៣​កុំ​”​។​

​            សេចក្តីណែនាំ​បានសរសេរថា​ “​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវមាន​វិធានការ​ក្នុងការ​អប់រំ​ដល់​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ការយ​ល់​ដឹង និង​បង្កើន​សកម្មភាព​ចូលរួម​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ចូលរួម​បង្ការ​ទប់ស្កាត់​នូវ​សកម្មភាព​ដែល​បង្កឱ្យមាន​អសន្តិសុខ​សង្គម ក៏ដូចជា​ការចូលរួម​លើកកម្ពស់​ការអនុវត្ត គោលនយោបាយ “​ភូមិ ឃុំ​មាន​សុវត្ថិភាព​” ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here