វៀតណាមគ្រោងបង្កើនការវិនិយោគលើវិស័យកសិកម្មដល់ទឹកប្រាក់៣៤ពាន់លានដុល្លារអាមេរិក

ដោយៈ សុខុម

ហាណូយ: ប្រទេសវៀតណាម បានកំណត់គោលដៅបង្កើនទ្វេដងនូវការវិនិយោគរបស់បរទេស ក្នុងវិស័យកសិកម្មឱ្យឈានរហូត ដល់ទៅ៣៤ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០៣០។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីសប្ដាហ៍កន្លងទៅ។

ទោះជាយ៉ាងណា ក្រុមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញខាងឧស្សាហ៍កម្មលើកឡើងថា មានចំណុចខ្សោយ និងចំណុចរឹតត្បិតមួយចំនួនដែលប្រទេសវៀតណាម ចាំបាច់ត្រូវដោះស្រាយបន្ទាន់ ដើម្បីអាចសម្រេចគោលដៅនោះបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Tạ Thu Trang អ្នកជំនាញមកពីវិទ្យាស្ថានគោលនយោ​បាយ និងយុទ្ធសាស្ត្រ (Institute for Policy and Strategy) ដែលស្ថិតក្រោមចំណុះក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលើកឡើងថា វិស័យកសិ​កម្មរបស់វៀតណាម មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ចាប់ពីឆ្នាំ២០១០-២០២០ វិស័យកសិកម្មរបស់វៀតណាម រក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យម២,៨៣% ដែលស្មើរហូតដល់១២%នៃការនាំចេញអង្ករសរុបរបស់ពិភពលោកទាំងមូល។

វិនិយោគិនបរទេស បានដើរតួនាទីយ៉ាងសំខាន់ ដែលជួយឱ្យប្រទេសនេះទទួលបានភាពជោគជ័យ នៅក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ និងបង្កើតការងារម៉ឺនសែនកន្លែង។

ទោះជាយ៉ាងណា វិស័យនេះនៅមានសក្តានុពលជាច្រើនទៀត ដែលគេមិនទាន់បានទាញយកអស់ឱ្យអស់ពីលទ្ធភាព។

លោកស្រី Tạ Thu Trang បានថ្លែងថា អំឡុងឆ្នាំ២០០៩-២០២១ វិនិយោគិនបរទេស បានចុះបញ្ជីគម្រោងតិចជាង២.០០០គម្រោងប៉ុណ្ណោះ ដែលស្មើត្រឹមតែ៥,៧% នៃគម្រោងទាំងអស់នៅវៀតណាម ជាមួយនឹងទុនវិនិយោគ១៧,៦៤ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៤,៣%នៃការវិនិយោគសរុប៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here