កម្ពុជានាំចេញឱសថទៅកាន់ទីផ្សារក្រៅប្រទេសក្នុងមួយឆ្នាំមាន ទំហំទឹកប្រាក់១០លានដុល្លារ

    ដោយៈ លក្ខិណា

ភ្នំពេញៈ ថ្វីត្បិតតែកម្ពុជានាំចូលឱសថ ពីខាងក្រៅប្រទេសក្នុងមួយចំនួនមានបរិមាណ និងទំហំទឹកប្រាក់ច្រើនក៏ពិតមែន ប៉ុន្តែកម្ពុជាក៏បាននាំចេញឱសថទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិកផងដែរក្នុងមួយឆ្នាំៗ។

លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង អគ្គនាយកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានមានប្រសាសន៍នៅថ្ងៃទី១៦ ធ្នូ២០២២នេះឱ្យដឹងថា ក្នុងប្រទេសកម្ពុជាមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបាននាំចេញឱសថទៅកាន់ទីផ្សារអន្តរជាតិ គឺក្រុមហ៊ុនផលិតឱសថ ប៉េប៉េអឹម ដោយក្នុងមួយឆ្នាំៗ ក្រុមហ៊ុនបាននាំចេញទៅកាន់ទីផ្សារបរទេស ក្នុងទំហំទឹកប្រាក់ប្រមា​ណ១០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា “ទីផ្សារដែលកម្ពុជាបាននាំឱសថ ចេញទៅភាគ ច្រើននៅប្រទេសអាហ្វ្រិក និយាយភាសាបារាំង ដោយប្រទេសខ្លះប្រជាជនរបស់គេពាក់កណ្ដាល ឬស្ទើរតែមួយប្រទេសបានស្គាល់ពីឱសថរបស់កម្ពុជា ប៉េប៉េអឹម”។ លោកបន្តថា “នៅក្នុងវិបត្តិកូវីដ១៩ មិនថាតែប្រទេសណានោះទេ ទីផ្សារឱសថបានកើនឡើងខ្ពស់ រហូតដល់ប្រភេទថ្នាំខ្លះបានដាច់ស្តុកទៅទៀត ជាក់ស្ដែងកម្ពុជា ក៏មានតម្រូវការឱសថខ្ពស់ផងដែរ ក្នុងវិបត្តិកូវីដ១៩”។

លោកឧកញ៉ាហៃ លីអ៊ាងបានបន្ថែមថា ទន្ទឹមនឹងកំណើននៃទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ ក្រុមហ៊ុនផលិតឱសថរបស់ប៉េប៉េអឹម ក៏គ្រោងនឹងពង្រីកការផលិតបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារទាំងនោះ ខណៈបច្ចុប្បន្ននេះ យើងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផលិតឱសថរបស់យើង ពីព្រោះយើងបានសហការជាមួយសាលាបណ្ដុះបណ្ដាលជំនាញវេជ្ជសាស្ត្រ ជាពិសេសជំនាញឱសថនេះ ។

យោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេលជិត១ឆ្នាំ នៃឆ្នាំ២០២២នេះ កម្ពុជានាំចេញទំនិញសរុបសម្រេចបានទឹកប្រាក់២០,៤​ពាន់លានដុល្លារអាមេរិក ក្នុងនោះសហរដ្ឋអាមេរិកជាទីផ្សារធំជាងគេសម្រាប់ទំនិញរបស់កម្ពុជា។

ទន្ទឹមនឹងនេះដែរ កម្ពុជាក៏បាននាំចូលទំនិញត្រលប់មកវិញ មានទំហំទឹកប្រាក់ប្រមាណ២៧,៧ពាន់លានដុល្លារអាមេរិក សម្រាប់មកបំពេញតម្រូវការប្រើប្រាស់ និងការផលិតនៅក្នុងប្រទេស ជាពិសេសទំនិញបម្រើក្នុងវិស័យឧស្សាហកម្ម រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង យានយន្ត គ្រឿងអេឡិចត្រូនិកជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here