វិភាគ៖ តើចិនកំពុងបង្ហាញសាច់ដុំដាក់អាមេរិកក្នុងការពង្រឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅតំបន់អាស៊ាន?

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសចិនបានធ្វើជាមួយកម្ពុជានៅក្នុងសប្តាហ៍នេះ ដើម្បីកាត់បន្ថយពន្ធ និងជំរុញការវិនិយោគ បង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅតំបន់អាស៊ាន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិកនៅក្នុងតំបន់។

ទោះយ៉ាងណា សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ដែលបានធ្វើឡើងក្នុងរយៈពេលតិចជាងមួយឆ្នាំនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។ ចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ ប្រទេស ដែលរួមមានប្រទេសកម្ពុជាផងដែរ។ ហើយការនាំចេញរបស់ចិន និងកម្ពុជាជាច្រើនបានរួចពន្ធរួចហើយ ដោយសារកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនឆ្នាំ២០១០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃចន្ទនេះថា ចិននឹងពង្រីកគោលនយោបាយលើកលែងពន្ធគយរបស់ខ្លួនដល់ ៩៧,៥៣ ភាគរយនៃទំនិញនាំចូលពីកម្ពុជា ខណៈកម្ពុជានឹងមិនដាក់ពន្ធ ៩០ ភាគរយនៃការនាំចូលរបស់ចិន។
ការចរចាបានចាប់ផ្តើមហើយចាប់តាំងពីខែធ្នូ បន្ទាប់ពីសហគមន៍អឺរ៉ុប ដែលជាទីផ្សារសំខាន់សម្រាប់ផលិតផលកម្ពុជា បានផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសមួយចំនួនរបស់កម្ពុជា។

លោក Xu Liping ប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដែលជាសមាជិកក្រុមប្រឹក្សាយោបល់ដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សារដ្ឋ បាននិយាយថា កិច្ចព្រមព្រៀងថ្មីនេះត្រូវបានព្រមព្រៀងយ៉ាងឆាប់រហ័ស ពីព្រោះទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានចំនួនតិចតួច។

ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានកើនឡើង ២៧,៧ ភាគរយពីឆ្នាំ ២០១៨ ឬទំហំទឹកប្រាក់ ៩,៤៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មចិន។

លោក Xu បានមានប្រសាសន៍ថា “នៅពេលនិយាយអំពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម វាមិនត្រឹមតែទាក់ទងនឹងពាណិជ្ជកម្មប៉ុណ្ណោះទេ បញ្ហានយោបាយក៏សំខាន់ផងដែរ។ កិច្ចពិភាក្សាពាណិជ្ជកម្មរវាងចិន និងកម្ពុជាមិនមានការជ្រៀតជ្រែកផ្នែកនយោបាយច្រើនទេ ដូច្នេះហើយទើបកិច្ចព្រមព្រៀងនេះអាចសម្រេចបានយ៉ាងឆាប់រហ័ស”។

ទោះបីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបង្កដោយកូវីដ១៩ក៏ដោយ ក្នុងរយៈពេល ៨ ខែដំបូងក្នុងឆ្នាំនេះពាណិជ្ជកម្មរវាងចិននិងអាស៊ានបានកើនឡើង ៣,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ ៤១៦,៦ ពាន់លានដុល្លារអាមេរិក ហើយធ្វើឱ្យអាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅឆ្នាំនេះ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
លោក Xu បានឱ្យដឹងថា នៅពេលដែលចិន និងអាមេរិកប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនរួមមានពាណិជ្ជកម្ម ឥទ្ធិពលខាងបច្ចេកវិទ្យា និងសមុទ្រចិនខាងត្បូង សម្ពាធកំពុងកើនឡើងលើអាស៊ាន ដែលប្រកាន់យកជំហរទៅខាងណា។

រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី សមាជិកក្រុមប្រឹក្សារដ្ឋចិន បានទទូចដល់បណ្តាប្រទេសអាស៊ី កាលពីថ្ងៃអង្គារកន្លងមកនេះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅសមុទ្រចិនខាងត្បូង និងផ្នែកផ្សេងទៀតនៃតំបន់។

ការទាមទារទឹកដីត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូងពាក់ព័ន្ធនឹងដីគោកចិន វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ និងជម្លោះនានាមិនត្រូវបានដោះស្រាយអស់ជាច្រើនទសវត្សមកហើយ ដោយប្រទេសចិននៅតែអះអាងទាមទារអធិបតេយ្យភាពលើសមុទ្រ និងធនធានរបស់ខ្លួន។

សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមកសាងចក្រភពដែនសមុទ្រនៅក្នុងដែនទឹក មានជម្លោះ ដែលក្រុងប៉េកាំងបានបដិសេធ។ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនរាប់សិបដែលជួយទីក្រុងប៉េកាំងជំរុញការទាមទារទឹកដីរបស់ខ្លួន។

លោក Xu បានថ្លែងថា “សម្រាប់អាស៊ីអាគ្នេយ៍ វាពិបាកក្នុងការជៀសវាងពីការរងផលប៉ះពាល់ពីការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក”។

លោក បានបន្តថា “សម្រាប់បណ្តាប្រទេសអាស៊ាន វាមិនមានប្រយោជន៏ទេក្នុងការចាប់យកមហាអំណាចណាមួយនោះទេ។ ពួកគេយកយុទ្ធសាស្ត្រនយោបាយការបរទេសដែលមានតុល្យភាព”។

លោក Xu បាននិយាយថា វាជាការមិនអាចប្រកែកបានថា ឥទ្ធិពលរបស់ចិនបាននិងកំពុងកើនឡើងនៅក្នុងអាស៊ាន បន្ទាប់ពីមានកំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែលោកបានលើកឡើងថា វត្តមានរបស់សហរដ្ឋអាមេរិកនៅតែលេចធ្លោនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជា ដែលប្រាក់ដុល្លារអាមេរិកនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
លោក Xu បាននិយាយថា “ខ្ញុំមិនគិតថាវាជាយុទ្ធសាស្ត្ររបស់ចិនក្នុងការជំរុញបណ្តាប្រទេសអាស៊ានដើម្បីឆ្លើយតបនឹងសហរដ្ឋអាមេរិកនោះទេ។ ខ្ញុំគិតថា ចិននឹងផ្តោតលើភាពជាដៃគូដែលមានស្រាប់។ ប៉ុន្តែបើនិយាយពីការឆ្លើយតបទៅនឹងវិធានការរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ខ្ញុំមិនគិតថាវាចាំបាច់សម្រាប់ប្រទេសចិនដើម្បីសងសឹកនោះទេ។ ប្រទេសចិននឹងនៅតែផ្តោតលើគម្រោង និងគោលនយោបាយរបស់ខ្លួន”៕ SCMP

LEAVE A REPLY

Please enter your comment!
Please enter your name here