អបអរសាទរៈកម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់EU

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រទេសកម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេ​ចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មានទទួលបាន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។

សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។

សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។

ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់​លា​ស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែម អំពីសាលក្រមតុលាការ សូមស្វែងរកនៅលើគេហទំព័រ https://curia.europa.eu ផ្លូវការរបស់តុលាការនៃសហភាពអឺរ៉ុប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here