រដ្ឋាភិបាលចិនបន្តបញ្ចេញកញ្ចប់ថវិកាជិត៧០ពាន់លានដុល្លារ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច

 ដោយៈ គង់ ម៉ាលីនណា

       ប្រទេសចិនៈ ប្រទេសចិននឹងកាត់បន្ថយចំនួនសាច់ប្រាក់ ដែលធនា​គារត្រូវរក្សាទុកជាទុនបម្រុងជាលើកទីពីរក្នុងឆ្នាំនេះ ដោយបញ្ចេញសាច់ប្រាក់ប្រហែល៦៩,៨ពាន់លានដុល្លារ នៅក្នុងសាច់ប្រាក់ងាយស្រួលរយៈពេលវែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងថមថយល្បឿន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សំដីរបស់ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលចិនថា ធនាគារកណ្តាលនេះ នឹងកាត់បន្ថយអនុបាតប្រាក់បម្រុងកាតព្វកិច្ច (RRR) សម្រាប់ធនាគារចំនួន២៥ពិន្ទុមូលដ្ឋាន (bps) ឬស្មើនឹង ០,២៥ភាគរយដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៥ ខែធ្នូតទៅ។

ធនាគារកណ្តាលចិនសង្ឃឹមថា នឹងជំរុញការផ្តល់ប្រាក់កម្ចីបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ច ប៉ុន្តែក្រុមអ្នកវិភាគមិនយល់ឃើញដូច្នេះទេ ដោយសា​រការផ្ទុះឡើងនៃករណីកូវីដ-១៩ ធ្វើឱ្យរោងចក្រ និងគ្រួសារស្ថិតក្នុងស្ថានភាពបិទខ្ទប់ ដែលជំរុញឱ្យមានចំណង់តិចតួច ក្នុងការខ្ចីឥណទានថ្មី ខណៈដែលចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ច ដែលយឺតជាងការរំពឹងទុករួចទៅហើយនោះមានភាពអាប់អួរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Mark Williams ប្រធានសេដ្ឋវិទូនៅអាស៊ីមកពីក្រុមហ៊ុន Capital Economics បាននិយាយនៅក្នុងកំណត់សម្គាល់មួយថាការកាត់បន្ថយ [អនុបាតនេះ] នឹងជួយឱ្យធនាគារអនុវត្តន៍តាមការណែនាំ ដើម្បីពន្យាការសងប្រាក់កម្ចី ពីក្រុមហ៊ុនដែលកំពុងតស៊ូជាមួយ នឹងការរឹតបន្តឹងការបិទខ្ទប់ដែលកាន់តែរីករាលដាលលោកបន្តថា​ “ប៉ុន្តែក្រុមហ៊ុន ឬគ្រួសា​រតិចតួច ដែលមានឆន្ទៈក្នុងការខ្ចីប្រាក់ថ្មី នៅក្នុងបរិយាកាសមិនច្បាស់លាស់នេះ”។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារកណ្តាលចិនកំពុងស្ថិតក្នុងស្ថានភាពលំបាក ក្នុងការអនុវត្តគោលនយោបាយ ដោយស្វែងរកមធ្យោ​បាយនានា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ខណៈពេលដែលជៀសវាងការកាត់បន្ថយអត្រាការប្រាក់ខ្លាំង ដែលអាចជំរុញឱ្យមានសម្ពាធអតិផរណា និងហានិភ័យលំហូរប្រាក់ចេញពីប្រទេសចិន ស្របពេលដែលធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលរបស់ប្រទេសផ្សេងៗ ដំឡើ​ងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា។

ក្រុមអ្នកវិភាគប្រចាំក្រុមហ៊ុនCiti បានឱ្យដឹងនៅក្នុងកំណត់សម្គាល់មួយថា យើងឃើញមានលំហរតិចតួច ដែលមានសម្រាប់ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ក្នុងរយៈពេលមធ្យម ខណៈដែលធនា​គារកណ្តាលចិន កាន់តែយកចិត្តទុកដាក់ ចំពោះហានិភ័យអតិផរណា នៅពេលដែលប្រទេសចិន ឆ្ពោះទៅរកយុគសម័យក្រោយជំងឺរាតត្បាត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here