ក្រុមហ៊ុន​អារ៉ាប៊ីសាអូឌីត និង​កូរ៉េ​ខាង​ត្បូង​ចុះ​កិច្ច​ព្រម​ព្រៀង​ក្នុងទំហំទឹកប្រាក់៣០ពាន់លានដុល្លារ

ដោយ: លាងហួរ

សេអ៊ូល: បណ្តាញទូរទស្សន៍ Asharq ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត បានដកស្រង់សម្តីរដ្ឋមន្ត្រី វិនិយោគរបស់ប្រទេសនេះ នៅថ្ងៃព្រហ​ស្បតិ៍នេះថា ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រហែល៣០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលនឹងដំណើរទស្សនកិច្ច របស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol គ្រោងនឹងជួបពិភាក្សាជាមួយព្រះអង្គនៅពេលក្រោយ។

យោងតាមក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុន Samsung C&T Corp និង POSCO Holdings Inc បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២០ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ក្នុងវិស័យដូចជាកិច្ចសហប្រតិបត្តិការថាមពល ផ្លូវដែក សារធាតុគីមី ឱសថ និងហ្គេម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទូរទស្សន៍Asharq ក៏​បាន​ដក​ស្រង់​សំដី​របស់ក្រុមហ៊ុន Saudi Venture Capital Company ដែល​បានឯកភាពបង្កើត​មូលនិធិ​ឯកទេស​ចំនួន៧ផងដែរ។

នៅក្នុងចំណោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Korea Electric Power Corp (KEPCO) និងក្រុមហ៊ុនកូរ៉េចំនួន៤ផ្សេងទៀត បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ជាមួយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់ និងដំណើរការរោងចក្រផលិតអ៊ីដ្រូសែន និងអាម៉ូញាក់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់ប្រភពឧស្សាហកម្មថា រោងចក្រនេះត្រូវបានគេរំពឹងថា នឹងអាចផលិតអ៊ីដ្រូសែនពណ៌បៃតង និងអាម៉ូញាក់បានចំនួន១,២លានតោនក្នុងមួយឆ្នាំៗ។

កិច្ចព្រមព្រៀងមួយទៀត គឺអនុស្សរណៈនៃការយោគយល់របស់ក្រុមហ៊ុន Hyundai Rotem Co ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសហការលើគម្រោងផ្លូវដែកសម្រាប់តំបន់សេដ្ឋកិច្ច NEOMរបស់អារ៉ាប៊ីសាអូឌីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here