រដ្ឋាភិបាលប្រមូលពន្ធបានជាង៣០លានដុល្លារពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិកនៃក្រុមហ៊ុនអន្តរជាតិ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបានប្រមូលចំណូលពន្ធ លើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ពីក្រុមហ៊ុនអន្តរជាតិបានចំនួនជាង៣០លានដុល្លារ។

សេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន២២,២២ពាន់លានរៀល (ប្រមាណ៥,៤៩លានដុល្លារ) និងសម្រាប់ខែមេសា-តុលា ឆ្នាំ២០២២ រយៈពេល១០ខែ ឆ្នាំ២០២២ សរុបចំនួន១២៩,៨ពាន់លានរៀល (ប្រមាណ៣២,០៥លានដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ និងមានក្រុមហ៊ុនអនិវាសនជនធំៗចំនួន៤១ បានមកចុះបញ្ជីអាករលើតម្លៃបន្ថែម។ ក្រុមហ៊ុនធំៗទាំងនោះមានដូចជា Facebook Google Netflix Microsoft Tik Tok ជាដើម។

អនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។

ឧទាហរណ៍ ក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕

LEAVE A REPLY

Please enter your comment!
Please enter your name here