រដ្ឋមន្រ្តីកសិកម្មៈ កម្ពុជា​ត្រូវ​ការ​កិច្ច​សហប្រតិបត្តិការ​កសិកម្ម​កាន់​តែ ​ខ្លាំង​ជាមួយ​ប្រទេស​ចិន

ដោយ: លាងហួរ

ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍កាលថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសកម្ពុជាគ្រោងបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យកសិកម្មជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។

ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ សារពត៌មានចិនXinhua លោក ឌិត ទីណាបានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មដ៏រឹងមាំ ដោយនាពេលថ្មីៗនេះកម្ពុជាបាននាំចេញអង្ករ ចេក ស្វាយទៅកាន់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ទីណា បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តថា យើងអាចពង្រីកទំនាក់ទំនងនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”។លោកបន្ថែមថា  “ខ្ញុំចង់ស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ មិនត្រឹមតែលើការនាំចូល និងនាំចេញកសិផលប៉ុណ្ណោះទេ ថែមទាំងអំពីការផ្លាស់ប្តូរវប្បធម៌ផងដែរ”។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្រាប់និស្សិតគួរតែមានឱកា​សសម្រាប់កម្មវិធីផ្លាស់ប្តូរ និងអាហារូបករណ៍ទៅសិក្សា នៅសាកលវិទ្យាល័យកំពូលៗរបស់ប្រទេសចិន ដើម្បីសិក្សាចំណេះដឹងកសិកម្មថ្មីៗ និងដំណើរទស្សនកិច្ច ទៅកាន់នាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលចិន សម្រាប់ក្រុមមន្រ្តី។

លោកបានបន្តថា សម្រាប់អាជីវកម្ម វាអាចមានឱកាសចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្ម និងចូលរួមក្នុងកិច្ចប្រជុំធុរកិច្ចទៅអាជីវកម្ម (B2B) តាមរយៈសភាពាណិជ្ជកម្មផ្សេងៗ ដើម្បីស្វែងរកជម្រើសថ្មី សម្រាប់ពាណិជ្ជកម្ម និងស្វែងយល់ពីតម្រូវការទីផ្សារ និងអ្នកប្រើប្រាស់របស់ប្រទេសចិនដោយផ្ទាល់។

សម្រាប់កសិករ អាចមានដំណើរសិក្សា និងទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ និងទាញយកចំណេះដឹងដ៏ច្រើនរបស់ប្រជាជនចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here