កម្ពុជាទទួលបានការចុះបញ្ជីតាមប្រព័ន្ធថ្នាលប្រព័ន្ធបច្ចេកវិទ្យាជាង១ម៉ឺន៩ពាន់ក្រុមហ៊ុន

ដោយ៖ សុផារី

ភ្នំពេញ៖ ការអនុវត្តចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាល​បច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បានអនុម័តការចុះបញ្ជីជាផ្លូវការមានចំនួនជាង១៩ពាន់ក្រុមហ៊ុន ​និងមាននាមករណ៍បម្រុងទុកជាច្រើនក្រុមហ៊ុនទៀត ដែលគ្រោងអនុម័តជា​បន្ត​បន្ទាប់ បើគិតត្រឹមថ្ងៃទី២ ខែវិច្ឆកានេះ។

បើគិតជាមធ្យមការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ​ មានចំនួនប្រមាណ៨ក្រុមហ៊ុនក្នុងមួយថ្ងៃៗ។ ក្រៅពីការអនុម័តជាផ្លូវ ក៏មានក្រុមហ៊ុនបម្រុងទុកប្រមាណជាង១២ពាន់ក្រុមហ៊ុនផ្សេងទៀត​ នឹងធ្វើការអនុម័តជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការបង្ហាញរបស់ក្រុមការងារ នៃការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា​ព័ត៌មាន កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនដែលបានចុះបញ្ជីរួច​ប្រមាណ១៤​ពាន់ក្រុមហ៊ុន គឺមាន​ដើមទុនវិនិយោគសរុបចំនួនជិត២០ពាន់លានរៀល ត្រូវប្រមាណជាង៤,៦៧០លាន​ដុល្លារអាមេរិក។

ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន២ដំណាក់កាល។ ក្នុងនោះ សម្រាប់ដំណាក់កាលទី១ បានដាក់ឱ្យដំណើរការជាផ្លូវការរួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ចំណែក ដំណាក់កាលទី២ បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ផ្តោតលើការ​ផ្តល់​អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួង​ទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និង​បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here