រដ្ឋមន្រ្តីកសិកម្មថ្មីជួបជាមួយផ្នែកឯកជនដើម្បីពង្រឹកការនាំចេញនិងបង្កើនប្រាក់ចំណេញដល់កសិករ

  ដោយៈ គង់ វិវត្តន៍

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិគ្រោះ​យោបល់ស្ដីពី ការងារផលិតកម្មពូជស្រូវ និងផែនការពង្រីកការនាំចេញអង្ករ។

នៅក្នុងលទ្ធផលនៃកិច្ចប្រជុំ លោករដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងពីរបៀបវារៈដែលជាអាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពី ការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវ ដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់ មានអត្រាដំណុះគ្រាប់ក្នុងស្រែខ្ពស់ លឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺនិងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេង និងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហ៊ុន ឡាក់ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ឋស្រូវ អង្ករ​កម្ពុជាបានសម្ដែងការគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមរបស់លោករដ្ឋមន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារសម្រាប់កសិករ។ លោកបន្តថា ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងអាចធានាបាននូវភាពសុទ្ធ នៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។

លោករដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។

ក្រសួងកសិកម្មបានបញ្ជាក់ថា អង្គប្រជុំក៏បានពិភាក្សាផងដែរ អំពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស ដោយលោករដ្ឋមន្រ្តី ស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករ ដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការទីផ្សារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here