កិច្ចព្រមព្រៀង FTA នឹង​ជំរុញ​វិនិយោគិន​កូរ៉េ​មកកាន់​កម្ពុជា​កាន់តែច្រើន​ថែមទៀត

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េខាងត្បូង និង​ជំរុញ​ការវិនិយោគ​បន្ថែមទៀត ពី​កូរ៉េខាងត្បូង​មក​កម្ពុជា។ នេះ​បើ​យោងតាម​កា​លើកឡើង របស់​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា លោក Park Heung-kyeong ។

លោក Heung-kyeong មានប្រសាសន៍ ក្នុង​ទិវា​បង្កើត​ជាតិ​របស់​កូរ៉េ​កាលពី​ចុង​សប្តាហ៍​នេះ​ថា “នៅពេល​កិច្ចចរចា FTA រវាង​កម្ពុជា និង​កូរ៉េខាងត្បូង ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ យើង​អាច​រំពឹងថា​នឹងមាន​ការកើនឡើង​នូវ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកឡើង​របស់លោក ត្រូវបាន​ធ្វើឡើង ខណៈ​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​កិច្ចចរចា​ជុំ​ទី៣ស្តីពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដោយមាន​ការប្តេជ្ញា​រួមគ្នា ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​នៅមុន​ដំណាច់​ឆ្នាំនេះ។

លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍ថា ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​នៅក្នុង​ឆ្នាំ ១៩៩៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង ១៩ ដង​ពី៥៤លាន​ដុល្លារ ដល់១ពាន់​លាន​ដុល្លារ ហើយ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​បាន​កើនឡើង២៨០ដង។

លោក​បាន​បន្ថែមថា ប្រទេស​កូរ៉េ ក្នុងនាម​ជា​ដៃគូ​ដែល​ផ្តល់​ផលប្រយោជន៍ ដល់​គ្នា​ទៅវិញទៅមក​របស់​ប្រទេស​កម្ពុជា បាន​សកម្ម​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ ក៏ដូចជា​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន និង​វប្បធម៌។

លោក​បាន​សង្កត់ធ្ងន់ថា បើ​និយាយ​ពី​ការវិនិយោគទុន​នៅ​កម្ពុជា ប្រទេស​កូរ៉េ​ឈរ​លំដាប់​ទី២ ជារួម​ក្រុមហ៊ុន​កូរ៉េ​ជាង២០០ កំពុង​ធ្វើ​អាជីវកម្ម​យ៉ាងសកម្ម នៅក្នុង​ឧស្សាហកម្ម​ឈានមុខ​គេ​របស់​កម្ពុជា ដូចជា​កាត់ដេរ កសិកម្ម និង​ហិរញ្ញវត្ថុ។

នៅ​ខែកុម្ភៈ​ឆ្នាំនេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល និង​បាន​ជួបពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ជាមួយ​លោក​មូ​ន ជេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ។

មេដឹកនាំ​ទាំងពីរ បាន​កោតសរសើរ ចំពោះ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រឹងមាំ និង​សមិទ្ធិផល​គួរឱ្យកត់សម្គាល់ ដែល​បានធ្វើ​តាមរយៈ​វិស័យ​កិច្ច សហប្រតិបត្តិការផ្សេងៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here