រដ្ឋាភិបាលជំរុញចលនាភូមិមួយផលិតផលមួយពង្រឹងគុណភាពនិងកាត់បន្ថយការនាំចូល

ដោយ៖ សុផារី

កំពង់ឆ្នាំង ៖ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង និងជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ បានជំរុញចលនាភូមិមួយផលិតផលមួយនៃខេត្តកំពង់ឆ្នាំង ឱ្យបានផុលផុស និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយ​ការ​នាំចូលពីប្រទេសជិតខាង។

នៅក្នុងវេទិកាជួបជាមួយផលិតករ សេវាករ និងសិប្បករ ជាច្រើនរូបចូលរួមផងដែរ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង លោក សួង ណយ មានប្រសាសន៍ថា ការរៀប​ចំវេ​ទិកា​ផ្គូរ​ផ្គង​រវាង​អ្នក​ផលិត និងអ្នកលក់នេះ គឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និង​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ផង​ដែរ​ពី​ក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏​ដូច​ជា​ពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជា​គោលការណ៍​គ្រឹះ សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយ​ការ​នាំចូល​ទំនិញ​ប្រើ​ប្រាស់មួយចំនួនមកពីប្រទេសជិតខាងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា គោលបំណង នៃ​វេទិកា​នេះ​គឺ ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និង​ការ​រ​ក​ទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅ រកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅ​តាម​មូលដ្ឋានឱ្យចូលជាសមាជិក ចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​ជា​សមាជិកគណៈកម្មាធិការ ជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

ដើម្បី​សម្រេច​ផែនការ​​សកម្មភាពនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល​១ ថ្នា​​ក់ខេត្ត នឹងខិតខំប្រឹងប្រែង សហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បី​អនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយជំរុញ និងចង​ក្រង​ផលិតករ សេវាករ និងសិប្បករនៅតាមមូលដ្ឋាន ឱ្យប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​ឱ្យកាន់​តែ​ទូលំទូលាយ ជំរុញឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាកស្រុក លើក​កម្ពស់​ជីវភាព​រស់​នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។

រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ថ្នាក់ខេត្ត នឹងបន្ត​ណែនាំ​ដល់​ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្ត​ខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញដល់អ្នកផលិត និង​អ្នក​ប្រើ​ប្រាស់មានទំនាក់ទំនងគ្នា សម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងគោលបំណង ដើ​ម្បី​ឱ្យ​អ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាស​ទីផ្សារ ​សម្រាប់​ផលិតផលចាំបាច់សម្រាប់តម្រូវការផលិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here