អាលឺម៉ង់ផ្តល់ហិរញ្ញប្បទាននិងជំនួយឥតសំណង៨៣៨លានដុល្លារ អាមេរិកគិតពីឆ្នាំ១៩៩៣

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន១៦លានអឺរ៉ូ ឬស្មើនឹង១៥,៥លានដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី៣។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវវត្ថុក្នុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណងចំនួន១៦លានដុល្លារ ដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

លោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី និងលោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍ KfWបានចូលររួមផងដែរក្នុងពិធីចុះហត្ថលេខានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង H-EQIP III  មានគោលបំណងរួមចំណែកបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និងគុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ដោយធ្វើឱ្យប្រសើរឡើងនូវការការពារ និងការព្យាបាលជំងឺ និងអន្តរាគមន៍យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយធ្វើការកែលម្អគុណភាព និងសមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណៈ ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការកែលម្អសមភាពយេនឌ័រ និងបរិយាប័នសង្គម។

លោកបានថ្លែងអំណរគុណ ចំពោះមិត្តអាល្លឺម៉ង់ ដែលបានអនុម័តគម្រោងនេះ និងបានវាយតម្លៃថា គម្រោងH-EQIP III នេះបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យសុខាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់គុណភាពប្រសិទ្ធភាព និងសមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រ​ក​បដោយចីរភាព តាមរយៈការបន្តចូលរួមជំរុញការអនុវត្តផែនការមួយចំនួន។

លោកស្រីMartina Koch បានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ KfW បានផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ៧០លានអឺរ៉ូ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គម។

លោកស្រីបានកត់សំគាល់ឃើញថា គម្រោងខាងលើបានជួយពង្រឹងសេវាកម្មសុខាភិបាល ពង្រីកការផ្តល់ហិរញ្ញវត្ថុ ផ្តល់សមធម៌សុខាភិបាលដល់ប្រជាជនក្រីក្រ និងធានាបាននូវប្រព័ន្ធសុខាភិបាលប្រកប ដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ក៏ដូចជាបានចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺកូវីដ១៩ផងដែរ។

ចាប់ពី១៩៩៣ដល់បច្ចុប្បន្ន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ប្រមាណ៨៣៨លានដុល្លារអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន៧៦៨លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន៧០លានដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here