ដោយ: លាងហួរ
អឺរ៉ុប: ខណៈប្រទេសអាល្លឺម៉ង់កំពុងទប់ទល់នឹងវិបត្តិថាមពល រដ្ឋាភិបាល និងវិទ្យាស្ថានសេដ្ឋកិច្ចឈានមុខគេ ព្រមានថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងធ្លាក់ចុះ០,៤ភាគរយ នៅឆ្នាំ២០២៣ ហើយប្រទេសនេះអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។
នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។
រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច លោក Robert Habeck បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធនេះថា វិបត្តិថាមពលដ៏ធ្ងន់ធ្ងរនេះបានគំរាមកំហែង ដល់សេដ្ឋកិច្ចអាល្លឺម៉ង់។ នៅដើមខែកញ្ញា ការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់បង្ហូរ Nord Stream 1 ដ៏សំខាន់ទៅកាន់ប្រទេសអាឡឺម៉ង់ ត្រូវបានបញ្ឈប់ទាំងស្រុង បន្ទាប់ពីត្រូវបានផ្អាកជាច្រើនដង សម្រាប់ការងារថែទាំបំពង់នេះ។
ដោយមានការជំរុញពីការកើនឡើងនៃតម្លៃថាមពល អតិផរណានៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងជាលំដាប់ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយឈានដល់កម្រិតកំណត់ត្រា១០ភាគរយ នៅក្នុងខែកញ្ញា។ នេះបើយោងតាមតួលេខបឋម ដែលចេញ ដោយការិយាល័យស្ថិតិសហព័ន្ធ (Dstatis)៕