ប្រទេសឡាវជួបប្រទះឱនភាពពាណិជ្ជកម្មចំនួន២៣៣លានដុល្លារ និងអតិផរណារហូតដល់៣៤ភាគរយក្នុងខែកញ្ញា

ដោយ: លាងហួរ

វៀងច័ន្ទ: ប្រទេសឡាវបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន២៣៣លានដុល្លារក្នុងខែកញ្ញា នេះបើយោងតាមព័ត៌មានចុងក្រោយពីគេហទំព័រពាណិជ្ជកម្មឡាវ។

ឱនភាព​ពាណិជ្ជកម្ម​របស់ប្រទេសឡាវបាន​កើន​ឡើង៦៧​លាន​ដុល្លារ​ ចាប់​តាំង​ពី​ខែ​សីហា ដោយសារ​ប្រទេសនេះកំពុង​ពឹង​ផ្អែក​ខ្លាំង ​លើ​ការ​នាំ​ចូល​ក្នុង​វិស័យ​សំខាន់ៗ​ ដូច​ជា ​ថាមពល។ នៅក្នុង​អំឡុង​ខែ​កញ្ញា ការនាំ​ចូល​របស់ប្រទេសឡាវមាន​តម្លៃ៦៨៩​លាន​ដុល្លារ ចំណែកការនាំ​ចេញ​មាន​តម្លៃ៤៥៦​លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញចម្បងរបស់ប្រទេសនេះ រួមមាន មាស កៅស៊ូ ជី រ៉ែមាស ស្ករ សម្លៀកបំពាក់ ចេក ស្បែកជើង រ៉ែដែក និងគោក្របី ខណៈការនាំចូលសំខាន់ៗមាន ប្រេងម៉ាស៊ូត យានជំនិះ ត្បូង ប្រេងសាំង  ផលិតផលផ្លាស្ទិច ដែកថែបនិងផលិតផលដែក សត្វមានជីវិត ខ្សែអគ្គិសនី និងគ្រឿងបន្លាស់។

ប្រទេសចំនួន៥បាននាំចូលទំនិញពីប្រទេសឡាវក្នុងខែកញ្ញា រួមមាន ប្រទេសចិនចំណាត់ថ្នាក់លេខ១ មានទំហំទឹកប្រាក់១៧៦លានដុល្លារអាមេរិក បន្ទាប់មកប្រទេសវៀតណាម ចំណាត់ថ្នាក់លេខ២ មានទឹកប្រាក់១០៣លានដុល្លារ ប្រទេសថៃចំណាត់ថ្នាក់លេខ៣ មានទឹកប្រាក់៥៣លានដុល្លារ ប្រទេសអូស្ត្រាលីចំណាត់ថ្នាក់លេខ៤មានទឹកប្រាក់២៥លានដុល្លារ  និង​ហុងកុង​ស្ថិត​នៅ​លេខ​រៀង​ទី​៥ ដែល​មាន​ទឹក​ប្រាក់១៧​លាន​ដុល្លារ។

ប្រទេសឡាវ​បាន​នាំ​ចូល​ច្រើន​ជាង​គេ​ពី​ប្រទេស​ថៃ​ចំនួន២៨៩​លាន​ដុល្លារ ចិនចំនួន២៥០​លាន​ដុល្លារ វៀតណាម២៧​លាន​ដុល្លារ អាមេរិក២៤​លាន​ដុល្លារ និង​ស្វីស២៣​លាន​ដុល្លារ។

ប្រទេសឡាវបានរាយការណ៍ ពីអតិផរណាហក់ឡើងខ្ពស់ រហូតដល់៣៤ភាគរយ ដែលមិនធ្លាប់មាន ក្នុងរយៈពេល២២ឆ្នាំ នៅក្នុងខែកញ្ញា ដែលបណ្តាលឱ្យមានការកើនឡើង នៃតម្លៃអាហារ ឱសថ ប្រេងឥន្ធនៈ និងរបស់របរចាំបាច់ផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here