រដ្ឋាភិបាលពន្យារពេលការបង់ពន្ធនិងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួចរហូតដល់ចុងឆ្នាំ២០២២

ដោយ៖​ សុផារី

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង សម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី១៣ ខែតុលានេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា “ដោយពិនិត្យឃើញពីស្ថានភាពលំបាក ក្នុងរដូវវស្សា ដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតពន្យារពេលជូន ដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២”។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាកឱ្យប្រញាប់រួសរាន់ ចូលមកបង់ពន្ធ និងអាករ​នៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានតាមការកំណត់ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាប ដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាននិងតាមទីកន្លែងសាធារណះជាយថាហេតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលឱ្យដឹងថា នៅក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករ នឹងក្លាយជាមុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសង្ឃឹមថា ម្ចាស់រថយន្តគ្មាន ពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា​។ រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួច ដែលមិនទាន់ចូលបង់ពន្ធមានចំនួនជាង៣ពាន់គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here