ទំហំប្រាក់បញ្ញើរនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើងដល់៤៦៥០លានដុល្លារអាមេរិកក្នុងដំណាច់ត្រីមាសទី២

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទំនុកចិត្តបានបន្តកើនឡើង នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសាធារណៈជននានា ដោយរយៈពេលត្រឹម៦ខែទំហំសាច់ប្រាក់ ផ្ញើរនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាបានកើនឡើងខ្ពស់។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​លោក កាំង តុងងីបានមាន​ប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គិត​ត្រឹម​ត្រីមាស​ទី២​ឆ្នាំ​ ២០២២ ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​កើន​ឡើង​ដល់៤៦៥០លានដុល្លារ​អាមេរិក ​គឺបាន​កើនឡើង​២​៤៧​ លាន​ដុល្លារ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ ក្នុង​ចំណោម​អតិថិជន២,៦២​៣,៩១០គណនី។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​មូល ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន​ជិត​៥០ពាន់​លាន​ដុល្លារ​​អាមេរិក​។

​ជាមួយគ្នានេះ លោក សុខ វឿន នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិលអូអិលស៊ី បាន​គូស​បញ្ជាក់​ដែរ​ថា នៅ​ពេល​ដែល​ពលរដ្ឋ​យក​ប្រាក់​សន្សំ ​ទៅទុក​នៅធនាគារ​ ឬ​មីក្រូហិរញ្ញវត្ថុ ​វា​ធានា​សុវត្ថិភាព​ប្រាក់​សន្សំ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោកបានបន្ត​ថា “ការ​អំពាវនាវ​របស់​យើង ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​ស្ថាប័ន​ធនាគារ​ និង​មីក្រូហិរញ្ញ​វត្ថុ​ដើម្បី​ផ្សព្វផ្សាយ ​អំពី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ អំពី​អត្ថប្រយោជន៍​ដែល​ដាក់​ប្រាក់​នៅ​មីក្រូហិរញ្ញ​វត្ថុ ឬ​ធនាគារ​ដើម្បី​បាន​ការ​ប្រាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here