ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ពី កម្ពុជាសម្រេចកំណើន២៤ភាគរយ

ដោយ: លាងហួរ

ភ្នំពេញ:ទំហំនៃការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែក​ជើង និងផលិតផលធ្វើដំណើររបស់ប្រទេសកម្ពុជា សម្រេចបានកំណើន២៤ភាគរយក្នុងរយៈពេល៩ខែដំបូង។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅថ្ងៃព្រហស្បតិ៍នេះ។

របាយការណ៍ដដែលបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញផលិត​ផលសរុប ដែលមានទំហំទឹកប្រាក់១០,២៥ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ ពោលគឺកើនឡើង២៤ភាគរយ ពី៨,២៤ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបន្តថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែក​ជើង និងផលិតផលធ្វើដំណើរ គឺជាប្រភពប្តូរប្រាក់បរទេសច្រើនជាងគេសម្រាប់ប្រទេសកម្ពុជា ដែលស្មើនឹងជិត៦០ភាគរយនៃតម្លៃនាំចេញសរុប។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានចាត់ទុកកំណើននេះថា ជំរុញមកពីការចាប់ផ្តើមឡើងវិញពេញលេញ នៃសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងប្រទេស  និងការកើនឡើងនៃតម្រូវការសកល ខណៈដែលជំងឺរាតត្បាតសកលបានថយចុះ។

លោកបានប្រាប់សារពត៌មានស៊ីនហួថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលចូលជាធរមានកាលពីដើមឆ្នាំនេះ ក៏បានរួមចំណែកដល់កំណើនដ៏ធំនេះផងដែរ។

រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញនេះ ថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានរោងចក្រ និងសាខាជាង១២០០ ដែលមានកម្មករនិយោជិតប្រមាណ៨៣ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here