ពលករធ្វើការក្រៅប្រទេសផ្ទេរប្រាក់ត្រលប់មកស្រុកវិញចំនួន ២៧២០លានដុល្លារ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងមួយឆ្នាំៗកម្ពុជាបានបញ្ជូនពលកររបស់ខ្លួន ទៅធ្វើការនៅក្រៅប្រទេសរាប់ពាន់រាប់ម៉ឺននាក់  ហើយបើគិតត្រឹមខែសីហា២០២២ កម្ពុជាមានពលករធ្វើការនៅក្រៅប្រទេស ចំនួន១,៣លាននាក់ និងបានផ្ញើប្រាក់ត្រលប់មកស្រុកវិញ ក្នុងមួយឆ្នាំៗរាប់ពាន់លានដុល្លារផងដែរ។

លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ តុលា ២០២២ឱ្យដឹងថា ពលករទេសន្តរប្រវេសន៍(ពលករទៅក្រៅប្រទស )បានក្លាយជាកំលាំងចលករដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពគ្រួសារ តាមរយៈការនាំមកនូវប្រាក់បញ្ញើកាន់តែច្រើន ព្រមជាមួយនឹងជំនាញ និងបទពិសោធន៍ជាក់ស្ដែង សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកបន្តថា ក្នុងឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន ក្នុងចំណោមពលករកំពុងធ្វើការក្រៅប្រទេសទាំង១,៣លាននាក់ អាចនឹងផ្ញើប្រាក់ត្រលប់មកស្រុកវិញសរុបចំនួន២,៧២ពាន់លានដុល្លារអាមេរិក ហើយជាតួលេខមួយដ៏ខ្ពស់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដល់ពលករទាំងក្នុងនិងក្រៅស្រុក ជាក់ស្ដែងនៅរៀងរាល់ពេល ដែលកម្ពុជាមានកម្មវិធីបុណ្យជាតិ ដូចជាភ្ជុំបិណ្ឌនិងចូលឆ្នាំជាដើម យើងមានក្រុមការងារចុះទៅជួបសំណេះសំណាល ឬក៏រៀបចំកម្មវិធីផ្សេងៗជូនពួកគាត់ ដើម្បីធ្វើម៉េចឱ្យពួកគាត់បានចូលរួម ដូចនឹងបានចូលរួម នៅក្នុងប្រទេសកំណើតផង និងអាចឱ្យពួកគាត់រំសាយចិត្តនឿយហត់ធ្វើការនៅស្រុកគេ ។

លោកបន្ថែមថា ប្រទេសដែលមានពលករ កំពុងធ្វើការច្រើនរួមមានប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង ហើយរដ្ឋាភិបាលនៃប្រទេសទាំងនោះ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ពលកររបស់ខ្លួន កំពុងបំពេញការងារនៅក្នុងប្រទេសរបស់គេ ពីព្រោះតាមរយៈព្រឹត្តិការណ៍ ដែលរៀបចំសម្រាប់ពលករកម្ពុជានៅកូរ៉េ មិនសូវមានប្រ​ទេសណា ធ្វើញឹកញាប់ដូចប្រទេសកម្ពុជា ធ្វើជូនពលកររបស់ខ្លួនឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here