តើកម្ពុជាទទួលបានចំណូលប៉ុន្មានពីដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួន?

 ដោយៈ សុផារី

ភ្នំពេញៈ បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោកម៉េង ស័ក្តិធារ៉ាបានមានប្រ​សាសន៍ លើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នាថ្ងៃទី១២ តុលានេះថា ផ្ទុយពីការយល់ឃើញខាងលើនេះ ខ្ញុំសូមផ្តល់បច្ចុប្បន្នភាពសម្រេចចុងក្រោយនៃបញ្ហានេះ តាមចំណុចសំខាន់ៗដូចជា ទី1. ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ ការតស៊ូតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា បានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។

ទី២ បន្ទាប់ពីបានគិតតម្រូវតាមលក្ខណៈបច្ចេកទេស គុណភាពរួចហើយ ប្រេងឆៅ ដែលអាចបូមលក់បាន មានចំនួនសរុប280,656 បារែល ត្រូវបានប្រគល់មកឲ្យរដ្ឋាភិបាលវិញ ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធ ស្របតាមកិច្ចព្រមព្រៀងជាសៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្របតាមគោលការណ៍នៃច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២ កន្លងនេះ ដែលការទូទាត់ផ្សេងៗ មានលំអិតប៉ាន់ស្មានដូចខាងក្រោម – ថ្លៃប្រេងឆៅ ត្រូវកំណត់យកតាមមូលដ្ឋានមធ្យមភាគថ្លៃប្រចាំខែកញ្ញា ស្មើនិង 89.867$ / បារែល ។

– សរុបទឹកប្រាក់លក់បាន មាន USD25,222,554.72

– ទឹកប្រាក់លក់បាននេះ ត្រូវកាត់កងថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង USD11.45 / បារែល ស្មើនិង USD3,213,511.20។

– ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗ មានចំនួន USD1,715,306។

– ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធ មានចំនួន 20,293,737.52។

– ចំណែកភាគីរដ្ឋាភិបាល ត្រូវទទួលបាន ៧០% នៃចំណូលលក់នៅសល់ខាងលើ ស្មើនិង USD14, 205,616.26។

ទី៤ ក្រៅពីចំណែកសាច់ប្រាក់ ដែលរដ្ឋបានទទួលពីការលក់ប្រេងឆៅខាងលើ ភាគីរដ្ឋាភិបាលទទួលបានបន្ថែមខាងក្រោម៖

– ចំណូលថវិកា USD 5,000,000 ពីការរឹបអូសប្រាក់តម្កល់ធានា

កាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន។

– ស្ថាបនភ័ណ្ឌ និងកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វមA នៅប្លុកA នាពេលបច្ចុប្បន្ននេះ។

ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូង ដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេង ទាំងប្រាំប្រមាណ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វមAនេះបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here