កម្ពុជានាំចេញទំនិញក្រោមប្រពន្ធអនុគ្រោះពន្ធពាណិជ្ជកម្មមានទំហំជាង១៧ពាន់លានដុល្លារអាមេរិក្នុងរយៈពេល៣ត្រីមាស

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែក្នុងឆ្នាំ ២០២២នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម មានទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិក ក្នុងនោះ ផលិតផលក្នុងវិស័យកាត់ដេរមានចំណែកច្រើនជាងគេ។

នេះបើតាមលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៧ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។ ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើង។

លោកបន្តថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញមានទឹកបា្រក់សរុប១៧,៥៧៨លានដុល្លារអាម៉េរិក កើនឡើង២៤,២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើន២៣,១៦ភាគរយ និងផលិតផលធ្វើដំណើរនិងកាបូប មានកំណើន៣៦,៣១ភាគរយ។

លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ មានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ឃើញថាការអនុលោមតាមច្បាប់ជារួម នៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងមួយផ្នែក ដោយសារការរាយការណ៍ប្រកបដោយតម្លាភាពរបស់ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាលើបញ្ហាសំខាន់ៗ។ BFC នឹងប្តេជ្ញាបន្តដើរតួជាអ្នកសម្របសម្រួលនៃភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម រួមទាំងអ្នកទិញអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ផងដែរ ក្នុងការកែលម្អវិស័យនេះ តាមរយៈការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here