កូរ៉េខាងត្បូងប្រឈមឱនភាពពាណិជ្ជកម្មចំនួនជិត៤ពាន់លានដុល្លារ នៅដើមខែតុលានេះ

ដោយ: លាងហួរ

សេអ៊ូល: ទិន្នន័យបានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះ២០,២ភាគរយ ធៀបនឹងឆ្នាំមុន ក្នុងរយៈពេល១០ថ្ងៃដំបូងនៃខែតុលា ដោយសារតែការលក់បន្ទះឈីបនៅក្រៅប្រទេសបានធ្លាក់ចុះ។

យោងតាមទិន្នន័យពីសេវាគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះមានចំនួន១១,៨ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ធៀបនឹង១៤,៤៨ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចូលក៏បានធ្លាក់ចុះ១១,៣ភាគរយ មកត្រឹម១៥,៦ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន៣,៨ពាន់លានដុល្លារ។

ការនាំចេញបន្ទះឈីបទៅក្រៅប្រទេស ដែលជាផលិតផលនាំចេញចម្បង សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចលេខ៤ របស់អាស៊ីមួយនេះ បានធ្លាក់ចុះ២០,៦ភាគរយ ធៀបនឹងឆ្នាំមុន ក្នុងរយៈពេល១០ថ្ងៃដំបូង នៃខែតុលា ដែលឈានដល់២,២ពាន់លានដុល្លារ។ ការ​នាំ​ចេញ​ផលិតផល​ប្រេង​ក៏​បាន​បាត់បង់២១,៣ភាគរយ ​ដល់ ១ពាន់​លាន​ដុល្លារ​ដែរ។

ផ្ទុយទៅវិញ ការនាំចេញរថយន្ត និងកប៉ាល់របស់ប្រទេសកូរ៉េបានកើនឡើង ៥,៤ភាគរយ និង៧៦,៤ភាគរយ ក្នុងរយៈពេលដែលបានលើកឡើង រហូតដល់៩៤៥លានដុល្លារ និង៥០៨លានដុល្លាររៀងគ្នា។

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត បានឈានដល់២,៩ពាន់លានដុល្លារ ធ្លាក់ចុះ២៣,៤ភាគរយធៀបនឹងឆ្នាំមុន។ ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ២១,៤ភាគរយ ​មក​នៅ​ត្រឹម១,៦ពាន់​លាន​ដុល្លារ បើ​ទោះ​ជា​ទំនិញ ​ទៅ​សហភាព​អឺរ៉ុប ​បាន​កើន​ឡើង១១,១ ភាគរយ ​ដល់១,៤២ពាន់​លាន​ដុល្លារ​ក៏​ដោយ។  ការ​នាំ​ចេញ​ទៅ​វៀតណាម និង​ជប៉ុន​បាន​ធ្លាក់​ចុះ១១,៩ភាគរយ និង៣៥,៥ភាគរយ​រៀង​គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here