ក្រសួងការងារចាប់ដៃគ្នាជាមួយឯកជនពង្រីកការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនគ្រប់គ្រងភ្នាក់ងារ Foodpanda ដើម្បីផ្ដល់កិច្ចសហការក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខារវាងលោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Pichaya Thongthua នាយិកាស្តីទីរបស់ក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី អ៊ិត សំហេង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ីត សំហេង បានបញ្ជាក់ថា អនុស្សរណៈដែលមានរយៈពេល២ឆ្នាំនេះ គឺមានកិច្ចសហការគ្នាផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឱ្យបុគ្គលិក និងអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនទាំងអស់ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងនេះ ហើយក៏ជាការផ្តល់កិច្ចគាំពារបន្ថែមទៅដល់បុគ្គលិក និងអ្នកជញ្ជូនទៅជាសមាជិកបេឡាជាតិសន្តិសុខសង្គម ដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗទៀត។

លោកស្រី Pichaya Thongthua យល់ឃើញថា បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ការអភិវឌ្ឍធនធានមនុស្សរបស់ក្រុមហ៊ុន ទាំងជំនាញរឹង និងជំនាញទន់ នឹងកាន់តែមានគុណភាព។

លោកស្រីនាយិកាស្តីទីបានអះអាងថា ក្រុមហ៊ុននឹងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពនៃគម្រោងជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) បន្ទាប់ពីការចុះអនុស្សរណៈនេះ។

លោក អ៊ិត សំហេង ក៏បានកោតសរសើរដល់ក្រុមហ៊ុនដែលបានបង្កើតឱកាសការងារដល់យុវជនជិត១ពាន់នាក់ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពង្រីកសាខារបស់ខ្លួនឱ្យបានច្រើន ដើម្បីបង្កើនឱកាសការងារដល់យុវជន និងផ្គត់ផ្គង់ម្ហូបអាហារដល់ប្រជាជននៅតាមបណ្តាខេត្តមួយចំនួនទៀត។

លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនរៀបចំកម្មវិធីលើកទឹកចិត្តចំពោះអ្នកដឹកជញ្ជូនឆ្នើម ពិសេសបុគ្គលិកដឹកជញ្ជូនដែលគិតគូរលើកាតព្វកិច្ចគោរពច្បាប់ចរាចរណ៍ បរិស្ថាន និងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here