ដំណឹងល្អ ក្រុមហ៊ុនចិនមួយកំពុងចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅខេត្តក្រចេះ

ដោយ៖ សុផារី

ក្រចេះ៖ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ជាក្រុមហ៊ុនថ្មីមួយទៀត បានបើកដំណើរការ​អាជីវកម្មស្ល និងចាក់ចេញជាដុំមាសជាលើកដំបូងរបស់ខ្លួននៅកម្ពុជា ដោយមានផែនការផលិត​ឱ្យបាន​៦០គីឡូក្រាម ​នៅក្នុងជំហាន៣ខែដំបូងនេះ។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ បាន​អញ្ជើញ​ចូលរួម​ក្នុងដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ ​របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd នៅខេត្តក្រចេះ។

​ក្នុងនោះ គឺបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសរបស់ខ្លួន ដោយ​បាន​កត់ត្រា​ថ្លឹងកំហាប់រ៉ែមាស ​មានទម្ងន់ជាង៧,៨ពាន់ក្រាម និងបានយកកំហាប់រ៉ែមាស​នោះទៅស្ល និងចាក់ចេញជាដុំមាស ​បានចំនួន ៧ដុំ ​ដោយមានទម្ងន់សរុបជាង៨,២ពាន់ក្រាម ដែលមានអត្រាភាពសុទ្ធប្រមាណ៩៩,៩% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជុំវិញការធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស ​សម្រាប់គម្រោងសាកល្បង ៣ខែដំបូងនេះ ក្រុមហ៊ុន Xing Yuan Kanng Yeak គ្រោងផលិតឱ្យបាន​៦០គីឡូក្រាម ​គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខ​ ពោលគឺក្នុងមួយខែៗ ក្រុមហ៊ុន នឹងជម្រុញផលិតឲ្យបានក្នុងរង្វង់ប្រមាណ២០គីឡូក្រាម។

ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ ​លើទំហំដីចំនួន២៨គីឡូម៉ែត្រក្រឡា ដើម្បី​ប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួនចនៅស្រុកសំបូរ​ ខេត្តក្រចេះ។

ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែ​ដោយ​សារតែបញ្ហាកូវីដ-១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួននៅក្នុងខែ ​តុលា ឆ្នាំ២០២២ នេះ។

ជុំវិញការធ្វើអាជីវកម្មរ៉ែមាស កម្ពុជាទទួលបានការធ្វើអាជីវកម្មចម្រាញរ៉ែមាស​មាន​ចំនួន ៣ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន រឺនីសង់ Renaissance Minerals (Cambodia) Ltd ទទួលបាន​អាជ្ញាបណ្ណរុករករ៉ែមាសពីក្រសួងរ៉ែ និងថាមពល ​ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី ក្រុមហ៊ុន ឌែលខម (Delcom Cambodia )​ ជាក្រុមហ៊ុនខ្នាតមធ្យម បានធ្វើអាជីវកម្ម នៅក្នុងស្រុករវៀង​ ខេត្តព្រះវិហារ និងក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលជា​ក្រុមហ៊ុនទី៣ បានចាប់ផ្តើមធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស ​នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here