ការរីកចម្រើននៃបច្ចេកវិទ្យាជាកត្តាអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា

ដោយ៖ លក្ខណៈ

ភ្នំពេញ ៖ ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការរីកចម្រើននៃសង្គម សេដ្ឋកិច្ច និងទំនោរកើនឡើងនៃការធ្វើប្រតិបត្តិការទិញលក់ទំនិញ និងសេវាតាមប្រព័ន្ធអេឡិចត្រូនិក ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់អ៊ីធើណេត ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម និងសេវាហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិកជាដើមជាកត្តាអំណោផល សម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

បើតាមគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០២២-២០៣០ បានឱ្យដឹងថា ការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការខ្វះខាតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បណ្ដាញប្រៃសណីយ៍ ការធ្វើពិពិធកម្ម និងទំនើបកម្មសេវា យន្តការគ្រប់គ្រងការធ្វើអាជីវកម្មរបស់ផ្នែកឯកជន យន្តការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាប្រព័ន្ធអេកូឡូហ្ស៊ីឌីជីថល ក្នុងវិស័យប្រៃសណីយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល បានបង្ហាញថា ក្នុងបរិបទនេះដែរ ការកសាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ គឺជាប្រទីបនាំផ្លូវឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈម ក្នុងទិសដៅទាញយកផលប្រយោជន៍ ពីកាលានុវត្តភាព ដែលបាននិងកំពុងលេចឡើង។

គោលនយោបាយនេះ គឺជាឧបករណ៍ ដែលបម្រើឱ្យការដោះស្រាយបញ្ហាបណ្ដាញតូចចង្អៀត និងភាពមានកម្រិត នៃការផ្ដល់សេវាប្រៃសណីយ៍ក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យមានការផ្ដល់សេវានេះមានលក្ខណៈទូលំទូលាយ មានគុណភាព និងប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការលើសេវាប្រៃសណីយ៍ និងនិន្នាការបច្ចេកវិទ្យា ដែលកំពុងវិវឌ្ឍឥតឈប់ឈរ និងឆាប់រហ័ស។

ចក្ខុវិស័យនៃគោលនយោបាយនេះ គឺ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍សំដៅចូលរួមការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

 

លោក ម៉ាង វណ្ណឌី ស្ថាបនិកនៃក្រុមហ៊ុន Biz Advisor បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើអាជីវកម្មថ្មីៗនេះ ភាគច្រើនបានផ្ដោតទៅងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យា ដែលមានភាពងាយស្រួលជាងមុនលឿនរហ័ស ប៉ុន្តែអ្វី ដែលជាបញ្ហាសម្រាប់សហគ្រិននោះ គឺភាពរអាក់រអួល នៃប្រព័ន្ធទូរគមនាគមន៍ ដោយយើងបានមើលឃើញថា នៅតាមតំបន់មួយចំនួននៅមានបញ្ហាសេវាទូរសព្ទ និងអ៊ីនធើណេតនៅឡើយ៕

 

លោកបន្តថា ដើម្បីឱ្យការធ្វើអាជីវកម្មរបស់សហគ្រិនថ្មីៗនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួលនោះ យើងត្រូវមានការអភិវឌ្ឍទៅលើសេវាទូរគមនាគមន៍ជាមុនសិន ហើយនៅពេលប្រព័ន្ធទូរគមនាគមន៍កាន់តែមានភាពទូលំទូលាយ ការធ្វើអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាក៏កាន់តែរីកចម្រើន និងធ្វើឱ្យផលិតភាពនានាកាន់តែលឿនរហ័សដូចគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here