សម្តេចតេជោៈកម្ពុជាផលិតនាឡិកាដៃ២៥គ្រឿងសម្រាប់ផ្តល់ជូនមេដឹកនាំចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា

 ដោយៈ លក្ខិណា

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបានត្រៀមកាដូរួចរាល់ហើយសម្រា​ប់មេដឹកអាស៊ាន និងមេដឹកនាំពិភពលោក ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

សម្ដេចមានប្រសាសន៍បែបនេះ នៅក្នុងពិធី ចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យា PPIU នៅព្រឹកថ្ងៃទី១១ តុលា ២០២២នេះ។

សម្ដេចតេជោមានប្រសាសន៍ថា “យើងបានផលិតនាឡិការហូតដល់២៥គ្រឿង សម្រាប់ថ្នាក់ដឹកនាំកំពូល និងមេដឹកនាំកំពូលដែលអញ្ជើញមក ហើយនាឡិកានោះផលិតនៅកម្ពុជា ដើម្បីឱ្យគេដឹងថាខ្មែរបច្ចុប្បន្ននេះ អាចផលិតបាននូវនាឡិកានេះ ហើយនៅថ្ងៃប្រជុំនោះផ្ទាល់ សម្ដេចនឹងជូនកាដូផ្ទាល់ទៅដល់មេដឹកនាំប្រមុខរដ្ឋ ដែលនឹងអញ្ជើញមកកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបន្តថា យើងមានអាស៊ានតែ១០ប្រទេសទេ តែយើងបានអញ្ជើ​ញប្រទេសជាដៃគូមកចូលរួមដែរ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាពាក់ព័ន្ធនឹងអាស៊ាន ដោយយើងបានអញ្ជើញ ប្រធានធនាគារពិភពលោក អគ្គនាយកIMF ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អគ្គនាយកអង្គការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ផងដែរ ។

សម្ដេចតេជោបន្ថែមថា ដោយសារតែកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំសំខាន់នេះ ទើបរដ្ឋាភិបាលផ្អាកពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ប៉ុន្តែសម្ដេចបើកឱកាស ឱ្យរៀបចំពិធីអុំទូកនៅតាមបណ្ដាខេត្តវិញ ក្នុងនោះដែរក៏មានខេត្តខ្លះ ចាប់ផ្ដើមរៀបចំអុំទូកតាំងពីពេលនេះតទៅហើយ។

សម្ដេចមានប្រសាសន៍ថា “យើងមិនអាចរៀបចំនៅភ្នំពេញបានទេ ពីព្រោះយើងត្រូវការពារសន្តិសុខ សុវត្ថិភាព មេដឹកនាំដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនៅភ្នំពេញ ដូច្នេះហើយយើងឱ្យរៀបចំពិធីអុំទូក នៅតាមបណ្តាខេត្តវិញ ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here