ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំអង្គភាពគ្រប់គ្រងសមាសភាគ គម្រោងរបស់ក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើម នៃបេសកកម្មរៀបចំគម្រោងជំរុញលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក (Proposed Cambodia Water Supply and Sanitation Acceleration Project)។
កិច្ចប្រជុំនេះ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីភាគីគ្រប់គ្រង សមាសភាគគម្រោងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងភាគីធនាគារ ពិភពលោក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ ១) ទំហំការងារបឋម និងទីតាំងគម្រោងទឹកស្អាត និងអនាម័យ ២) កាលបរិច្ឆេទកំណត់ និងការរៀបចំការអនុវត្តគម្រោង និង ៣) ការពិភាក្សាកម្រិតបច្ចេកទេសជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍នានា និងអ្នកផ្តល់សេវាទឹកស្អាតទាំងសាធារណៈ និងឯកជន។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យភាគីទាំងអស់ខិតខំប្រឹងប្រែង បំពេញការងារឱ្យអស់ពីសមត្ថភាព ចូលរួមសហការសម្របសម្រួល ជាមួយក្រុមការងារបេសកកម្មរបស់ ធនាគារពិភពលោក សំដៅធ្វើយ៉ាងណាសម្រេចបានលទ្ធផល ប្រកបដោយផ្លែផ្កាក្នុងបេសកកម្មរៀបចំ គម្រោងនេះ ជាពិសេសរិះរកគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ ដើម្បីជំរុញការរៀបចំគម្រោងប្រព្រឹត្តទៅតាម ផែនការដែលបានគ្រោងទុក។
គម្រោងនេះផ្តោតជាសំខាន់ លើការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានការរីកចម្រើនថែមមួយ កម្រិតទៀត តាមរយៈការសាងសង់បណ្តាញទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ និងការអភិវឌ្ឍនស្ថាប័ន និងសមត្ថភាពប្រតិបត្តិករទាំងវិស័យទឹកស្អាត និងអនាម័យផងដែរ៕