អាជ្ញាធរស្វែងរកក្រុមហ៊ុនឯកជនស្តារព្រែកកំពតឱ្យមានជម្រៅទឹកជ្រៅ ដើម្បីត្រៀមសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខេត្តកំពតតម្លៃជិត១០លានដុល្លារ

ដោយ៖ សុផារី

កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត បានបញ្ចប់ការសាងសង់រួចរាល់១០០ភាគរយ តាំងពីចុងខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់អាចបើកឱ្យដំណើរការនៅឡើយ ដោយសារជម្រៅទឹកទាប ដែលមិនទាន់អាចអនុញ្ញាតឱ្យកប៉ាល់ធំចូលចតបាន។

អាជ្ញាធរកំពុងស្វែងរកក្រុមហ៊ុនឯកជនជាដៃគូចូលធ្វើប្រតិបត្តិការស្តារព្រែកឱ្យមានជម្រៅទឹកជ្រៅ ឱ្យបានឆាប់ មុននឹងសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីនេះ ជាផ្លូវការនាពេលដ៏ខ្លីខាងមុខ ដើម្បីទទួលទេសចរអន្តរជាតិ ជាពិសេសទេសចរពីប្រទេសវៀតណាម និង ប្រទេសថៃ។

លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចុះពិនិត្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កាលពីថ្ងៃទី០៧ ខែតុលា ដើម្បីពិនិត្យពីការបើកទទួលទេសចរជាផ្លូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្តី មន្ត្រីបច្ចេកទេសបានលើកឡើងពីឧបសគ្គមួយចំនួនក្នុងកំពង់ផែនេះ ដោយសារបច្ចុប្បន្ន មានតែទូកតូចៗដែលមានសមត្ថភាពផ្ទុកអ្នកដំណើរពី៣០០ ទៅ៤០០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលចត។ ដើម្បីឱ្យកប៉ាល់ទេសចរណ៍ធំៗចូលចត តម្រូវឱ្យបង្កើនជម្រៅទឹកបន្ថែមទៀត។

ក្នុងដំណើរទស្សកិច្ចនេះ ថ្នាក់ដឹកនាំអន្តរក្រសួងបានពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ និងផ្តល់អនុសាសន៍សំខាន់ៗ ដែលជាដំណោះស្រាយចាំបាច់ លើបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យកំពង់ផែនេះអាចដំណើការបាន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ជាពិសេស ថ្នាក់ដឹកនាំបានណែនាំឱ្យបញ្ចប់ការរៀបចំឯកសារចាំបាច់មួយចំនួន ដើម្បីស្វែងរកក្រុមហ៊ុនឯកជនជាដៃគូចូលធ្វើប្រតិបត្តិការឱ្យបានឆាប់ មុននឹងសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីនេះ ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

ប្រភពដដែលឱ្យដឹងថា កំពង់ផែនេះមិនទាន់បើកឱ្យដំណើរការជាផ្លូវការនៅឡើយទេ ដោយសារតែជម្រៅទឹកព្រែកតភ្ជាប់ពីសមុទ្រទៅទីនោះមានជម្រៅរាក់ មិនអាចអនុញ្ញាតឱ្យនាវាទេសចរណ៍អន្តរជាតិធំៗចូលមកបាន។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ក្រុមការងារនឹងធ្វើការសិក្សាលម្អិតបន្ថែម មុននឹងដាក់ឱ្យដេញថ្លៃសម្រាប់ការងារស្តារព្រែកឱ្យមានជម្រៅទឹកជ្រៅ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។

កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយ ដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here