លោកស៊ុន ចាន់ថុលៈកម្ពុជាមិនរើសអើងពាក់ព័ន្ឋប្រភពលុយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋឡើយ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បារាំង​ដែល​មក​ធ្វើដំណើរ​ទស្សនកិច្ច​សារព័ត៌មាន​សេដ្ឋកិច្ច​ និង​ធុរកិច្ច​នៅ​កម្ពុជា​ថា ប្រទេស​កម្ពុជា​មិន​រើសអើង​ពាក់ព័ន្ធ ​នឹង​ប្រភព​នៃ​ការផ្ដល់​ហិរញ្ញប្បទាន​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទេ​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ នា​ថ្ងៃ​ព្រហស្បតិ៍ ដើមសប្តាហ៍មុននៅក្នុង​ជំនួប​ពិភាក្សា និង​ការផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​បារាំង​ចំនួន​ ៤ ​រូប​។​

អ្នកសារព័ត៌មាន​បារាំង​ទាំង​៤​រូបនោះ បានអញ្ជើញ​មកពី​ស្ថាប័ន​សារព័ត៌មាន ​ដែលមាន​ឥទ្ធិពល ក្នុង​វិស័យសេដ្ឋកិច្ច និង​ធុរកិច្ច​នៅក្នុង​ប្រទេស​បារាំង ក្នុងនោះ​មានដូចជា​ លោកស្រី ArmelleBohineust មកពី​កាសែត Le Figaro លោក Claude Leblanc មកពី​កាសែត L’Opinion ​លោក Alain Guillemoles ​មកពី​កាសែត La Croix និង លោក Emmanuel Langlois មកពី​ស្ថានីយ​វិទ្យុFrance Info​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​រីករាយ​ស្វាគមន៍​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នកសារព័ត៌​មាន​បារាំង​នៅ​កម្ពុជា​នាឱកាស​នេះ និង​បានធ្វើ​បទ​បង្ហាញ​អំពី​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ចាប់តាំងពី​ថ្ងៃ​ដែល​ទទួលបាន​ជ័យជម្នះ ​លើ​របប​អាវខ្មៅ ប៉ុលពត រហូតមកដល់​ពេលបច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​រដ្ឋមន្ដ្រី បាន​លើក​បង្ហាញ​ពី​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​បង្ហាញ​ពី​ចក្ខុវិស័យ និង​ទិសដៅ​របស់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ខ្លួន​ទាំង​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ​។​

បន្ថែម​ពីលើ​នោះ លោក​រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បាន​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ការប្រើប្រាស់ យានយន្ត​អគ្គិសនី​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន ​តាម​រយៈ​គម្រោង​ដំឡើង​ស្ថានីយ ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​។

លោក​ក៏បាន​បង្ហាញ​ដល់​ក្រុមអ្នកកាសែត​បារាំង​ផងដែរ អំពី​គម្រោង​ការងារ​សំខាន់ៗ ដែល​បាន​អនុវត្ត​រួចរាល់ ហើយ​លេចចេញ​ជា​រូបរាង និង​គម្រោង​ការងារ​ផ្សេងៗ​ទៀត​ដែល​កំពុងដំណើរការ ព្រមទាំង​គម្រោង​នានា​ជាច្រើន ដែល​គ្រោង​នឹង​អនុវត្ត​នាពេល​អនាគត​។​

ក្រសួង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់ទុក​ជំនួប​ពិភាក្សា​នេះ ថា​បាន​ដើរតួ​យ៉ាងសំខាន់ ​ក្នុងការ​បង្ហាញ​ការពិត​ឱ្យ​កាន់តែ​ប្រសើរឡើង​ក៏ដូចជា ​បង្ហាញ​នូវ​គន្លឹះ​ក្នុងការ​ស្វែងយល់​ អំពី​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​បារាំង ដែលមាន​អ្នកខ្លះ​ទើប​មក​កម្ពុជា ​ជា​លើកដំបូង និង​បាន​សម្តែង​ការភ្ញាក់ផ្អើល​ ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ​ដែល​ខុសស្រឡះ​ពីអ្វី​ដែល​ពួកគេ​បាន​អាន ​ក្នុង​ទំព័រសារព័ត៌មាន​កន្ល​ង​មក​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here