គម្រោងបង្កើតក្រុងល្វាឯមផ្តល់ក្តីសង្ឃឹមខ្ពស់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងអចលនទ្រព្យ

ដោយ៖ សុផារី

កណ្តាល៖ ទន្ទឹមនឹងការរីកចម្រើន និងការពង្រីកវិសាលភាពក្រុងភ្នំពេញ ដោយកាត់ដីចេញពីផ្នែកខ្លះនៃខេត្តកណ្តាល ប្រមុខរាជរដ្ឋភិបាលបានប្រកាសពីគម្រោងនៃការបង្កើតក្រុងថ្មីមួយទៀត នៅក្នុងខេត្តកណ្តាល គឺក្រុងល្វាឯម ដោយមិនកាត់ចូលចំណុះរាជធានីភ្នំពេញទៀតឡើយ។

ថ្នាក់ដឹកនាំមូលដ្ឋាន និងអ្នកជំនាញបានបង្ហាញការសាទរ និងសុទិដ្ឋិនិយមលើគម្រោងបង្កើតក្រុងថ្មីមួយនេះ ថានឹងផ្តល់ក្តីសង្ឃឹមដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសទីផ្សារអចលនទ្រព្យនឹងកាន់តែមានវឌ្ឍនភាពខ្លាំងផងដែរ។

លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះថា គម្រោងរៀបចំបង្កើតក្រុងល្វាឯមថ្មីនេះនឹងផ្តល់ប្រយោជន៍សេដ្ឋកិច្ចគ្រប់ផ្នែក ជាពិសេសនឹងជំរុញការអភិវឌ្ឍទីផ្សារអចលនទ្រព្យ នៅក្នុងតំបន់ទីក្រុងថ្មីនេះ ដោយតម្លៃដីធ្លីនៅក្នុងតំបន់នោះនឹងមានការហក់ឡើងខ្ពស់ ដោយសារក្រុងជាកន្លែងដែលត្រូវអភិវឌ្ឍន៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងបង្កើតក្រុងថ្មីមួយនេះ អាចនឹងត្រូវកាត់ផ្នែក ឬតំបន់សំខាន់ៗមួយចំនួននៃស្រុកល្វាឯម ហើយនឹងត្រូវចំណុះក្រោមរដ្ឋបាលនៃខេត្តកណ្តាល។

លោកអភិបាលស្រុកបានបញ្ជាក់ថា “ការអភិវឌ្ឍមាននាំមកនូវផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង នោះដីនៅក្នុងព្រៃនឹងប្រែក្លាយជាលំនៅឋាន តម្លៃដីក៏នឹងឡើងថ្លៃ ថែមទាំងផ្តល់ចំណូលដល់រដ្ឋបាលខេត្ត នឹងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ”។

លោកបានបន្ថែមទៀតថា គម្រោងនេះ ក៏នឹងជំរុញសក្តានុពលដីធ្លី និងអចលនទ្រព្យសំរាប់ស្រុកជិតៗផងដែរ ដូចជា ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាលជាដើម។

លោកអភិបាលបានឱ្យដឹងថា មានចំនួន១៥ឃុំ ៤៣ភូមិ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង៨ម៉ឺន៣នាក់ ក្នុងនោះឃុំដែលមានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ រួមមានឃុំអរិយក្សត្រ សារិកាកែវ និងឃុំពាមឧកញ៉ាអុង ដែលក្នុងមួយឃុំៗ មានប្រជាពលរដ្ឋជាមធ្យមប្រមាណ១ម៉ឺននាក់។

លោក ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុកម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុងការ​បង្កើត​ក្រុង​ល្វាឯម ​ជា​សញ្ញា​វិជ្ជមាន​មួយ​ សម្រាប់​អ្នក​វិនិយោគប្រមើល​មើល​ពី​ឱកាស ​ក្នុង​ការរកស៊ី​ជួញដូរ​នៅ​ម្ដុំ​នោះ​។

លោក​ថ្លែង​ថា​ “សម្រាប់​ការអនុវត្ត​ជាក់ស្ដែង ​ទាល់តែ​យើង​ដឹង​ពី​ពេលវេលា​ជាក់លាក់​ថា​ តើ​គម្រោង​ទាំង​អស់​ហ្នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ពេលណា​? តែ​ទោះជា​យ៉ាងណាក៏ដោយ នៅតែ​ជា​សញ្ញា​មួយ​ក្នុង​ការបង្ហាញ​ទំនុកចិត្ត​របស់​វិនិយោគិន​ថា យើង​នឹង​មាន​គម្រោង​ហ្នឹង​ណាមួយ​ក្នុង​ក្រុង​ល្វាឯម​ពេល​អនាគត​”។

ស្រុកល្វាឯម មានឃុំចំនួន១៥ រួមមាន ឃុំអរិយក្សត្រ ឃុំបារុង ឃុំបឹងគ្រំ ឃុំកោះកែវ ឃុំកោះរះ ឃុំល្វាសរ ឃុំពាមឧកញ៉ាអុង ឃុំភូមិធំ ឃុំព្រែកក្មេង ឃុំព្រែករៃ ឃុំព្រែកឫស្សី ឃុំសំបួរ ឃុំសារិកាកែវ ឃុំថ្មគរ ឃុំទឹកឃ្លាំង។

នាពេលអនាគតខាងមុខនេះ តាមរយៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ខេត្តកណ្តាលនឹងមានក្រុងចំនួន២ គឺក្រុងតាខ្មៅ និងក្រុងល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូល និងស្រុកខ្សាច់កណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here