កូរ៉េខាងត្បូងចាត់វិធានការបន្ទាន់ ដើម្បីស្តារស្ថិរភាពទីផ្សាររូបិយប័ណ្ណឡើងវិញ

ដោយ: លាងហួរ

សេអ៊ូល: ប្រធានាធិបតី Yoon Suk-yeol បានថ្លែងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាត់វិធានការ ដើម្បីជំរុញលំហូរមូលធន និងធានាថា មានប្រាក់ដុល្លារគ្រប់គ្រាន់ នៅក្នុងទីផ្សាររូបិយប័ណ្ណក្នុងស្រុក ដោយកត់សម្គាល់ថា ភាពមិនច្បាស់លាស់បានរីករាលដាលពាសពេញទីផ្សារ។

ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះប្រហែល១៦ភាគរយ ធៀបនឹងប្រាក់ដុល្លារ ខណៈដែលអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតី បានដកស្រង់សម្តីលោក Yoon ដែលបាននិយាយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចថា រដ្ឋាភិបាលនឹងពង្រឹងសុវត្ថិភាព ដោយចាត់វិធានការ ដើម្បីកែលម្អស្ថានភាពតម្រូវការផ្គត់ផ្គង់ប្រាក់ដុល្លារ នៅលើទីផ្សារប្តូរប្រាក់។

លោកក៏បានថ្លែងផងដែរថា ការរៀបចំដំណើរការឡើងវិញ នូវមូលនិធិស្ថិរភាពទីផ្សារភាគហ៊ុន នឹងត្រូវបញ្ចប់ ក្នុងអំឡុងខែនេះ ហើយរដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីជំរុញការវិនិយោគបរទេស នៅក្នុងទីផ្សារភាគហ៊ុន និងទីផ្សារមូលបត្របំណុលក្នុងស្រុក។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំថា ខ្លួននឹងរៀបចំឱ្យមានឧបករណ៍ ដែលត្រៀមរួចជាស្រេច សម្រាប់អាជ្ញាធរ ដើម្បីផ្គត់ផ្គង់សាច់ប្រាក់រូបិយប័ណ្ណបរទេស ដល់ស្ថាប័នហិរញ្ញវត្ថុ ប្រសិនបើចាំបាច់។

ធនាគារកណ្តាលកូរ៉េបានឱ្យដឹង នៅព្រឹកថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងបានប្រកាសឱនភាពពាណិជ្ជកម្មដ៏ធំបំផុតក្នុងខែសីហា ដោយសារតម្រូវការសកលបានធ្លាក់ចុះ ហើយតម្លៃវត្ថុធាតុដើមសកលហក់ឡើងខ្ពស់ បានជំរុញឱ្យមានការនាំចូលច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here