ការអនុវត្តចំណូលរបស់រដ្ឋាភិបាល សម្រេចបានទំហំទឹកប្រាក់ជិត ៣ ០០០លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ការអនុវត្តចំណូលរបស់រដ្ឋាភិបាល សម្រេចបាន ៤៥.៣% ធៀបនឹងច្បាប់ដែលមានទំហំទឹកប្រាក់ប្រមាណ ១១ ៩៣១ ប៊ីលានរៀល (ប្រមាណ ២ ៩៨២លានដុល្លារ)គិតត្រឹមត្រីមាសទី ២ ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

ការអនុវត្តចំណូលនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈកម្មការកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program-PFM) ក្រោមការដឹកនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស ) នាព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ខាងលើ បានឱ្យដឹង “ភាពជឿទុកចិត្តនៃថវិកា” គិតត្រឹមត្រីមាសទី ២, ការអនុវត្តចំណូលសម្រេចបាន ៤៥.៣% ធៀបនឹងច្បាប់ដែលមានទំហំប្រមាណ ១១ ៩៣១ ប៊ីលានរៀល ខណៈចំណាយថវិកាជាតិ សម្រេចបាន ៤០.១% ក្នុងទំហំ ៩ ៧២៧ ប៊ីលានរៀល ។

ទន្ទឹមនេះ ការទូទាត់តាមប្រព័ន្ធធនាការសម្រេចបាន ១០០% ក្នុងនោះក្រសួងស្ថាប័ន បានបើកបៀវត្សតាមប្រព័ន្ធធនាគារ ២ ដង ក្នុង ១ ខែ បានទាន់ពេលវេលា រីឯការគ្រប់គ្រងសាច់ប្រាក់ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ពោលគឺ មិនមានការកកើតឡើងវិញនៃបំណុលកក ស្ទុះឡើយ (គិតត្រឹម ៦០ ថ្ងៃ)។

គណនេយ្យភាពហិរញ្ញវត្ថុ ត្រឹមឆ្នាំ ២០២០, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (Financial Management Information System – FMIS) ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅ អគ្គនាយកដ្ឋានគន្លឹះ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ ២៥ រាជធានី -ខេត្ត និង គ្រប់ក្រសួង , រនាតារទាំង ២៥ រាជធានី-ខេត្ត មន្ទីរសេដ្ឋកិច្ច-ស្ថាប័នទាំង ៣៧ ។

ផែនការយុទ្ធសាស្ត្រតម្រង់ទិសនិតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ២០២០-២០២៥ ទទួលបានការអនុម័ត ។ ជាមួយគ្នានេះ, ចំណាត់ថ្នាក់ថវិកាទាំង ៧ (សេដ្ឋកិច្ច, កម្មវិធី, ប្រភពមូលនិធិ, ភូមិសាស្ត្រ, មុខងារ និងគម្រោង ) ត្រូវបានដាក់ឱ្យអនុវត្តក្នុងប្រព័ន្ធ FMIS ។

“ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំ និងកំណត់ការផ្លាស់ប្តូរ ប្រព័ន្ធថវិកាកម្ពុជាឱ្យក្លាយជាឧបករណ៍សម្រាប់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២០, គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្ត ចំនួន ២៤ ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធី ចំណែកឯរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវអនុវត្តនៅឆ្នាំ ២០២១ ។

*ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ និង “គណនេយ្យភាពសមិទ្ធកម្ម” ក្រសួងសេដ្ឋកិច្ច និងហិវញ្ញវត្ថុ បាននិងកំពុងត្រួតពិនិត្យ និងរៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុថ្មី, កែសម្រួលអនុក្រឹតលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃតណនេយ្យ សាធារណៈ និងរៀបចំក្របខណ្ឌផែនការ សកម្មភាពរួម ដំណាក់កាល ទី ៤“គណនេយ្យភាពសមិទ្ធកម្ម”។

ជាមួយ សមិទ្ធផលសម្រេចបានទាំងនេះ, លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ទោះបីកំពុងស្ថិតក្នុង វបត្តិកូវី-១៩ ក៏ដោយ , គ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ឯណាក់កាល ទី៣ សម្រេចតាមគោលដៅដែលបានគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here