លោក គង់ វិបុល អំពាវនាវដល់ SME ចុះបញ្ជីឲ្យបានត្រឹមត្រូវដើម្បីការប្រកួតប្រជែងស្មើភាពគ្នា

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ អំពាវនាវ​ដល់​វិស័យ​ឯកជន ដែល​ប្រកប​អាជីវកម្ម​នៅក្រៅ​ប្រព័ន្ធ ជាពិសេស​វិស័យ SME គួរ​មក​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការប្រកួតប្រជែង​ស្មើភាព​គ្នា និង​ងាយស្រួល​ដល់​ប្រសិទ្ធភាព​គៀងគរ​ចំណូល ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​ទាំងអស់គ្នា​។​

​            លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានលើកឡើង ​ក្នុងសន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០២២ នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ថា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា រាជរដ្ឋាភិបាល តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើកទឹកចិត្ត​ជាច្រើន ​ដល់​វិស័យ​ឯកជន​ដូចជា លើ​ផ្នែក​វិស័យ​កសិកម្ម វិស័យ​អប់រំ និង​វិស័យ​មួយចំនួន ត្រូវបាន​លើកទឹកចិត្ត​ចាប់ពី៣​ឆ្នាំ រហូតដល់៩​ឆ្នាំ​ផងដែរ ហើយ​ពេល​អស់​សុពលភាព​នៃ​ការលើកទឹកចិត្ត រដ្ឋ​ក៏​មិនមែន​ចាប់ផ្តើម​ការប្រមូល​ពន្ធ ឲ្យ​អនុវត្ត១០០% នោះដែរ ដោយ​ទុក​រយៈពេល​ឲ្យ​អាជីវកម្ម សហគ្រាស​រឹង​ដៃជើង​ជាមុន​។​

​            លោកបន្តថា រាជរដ្ឋាភិបាល​បាន​ពង្រឹង​អភិបាលកិច្ច​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយគ្នា ការអភិវឌ្ឍន៍​ប្រទេស​ស្មើ​ដៃ​គ្នា ក្នុងនោះ​សម្រាប់​យុទ្ធសាស្ត្រ​គៀងគរ​ចំណូល​វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ គឺ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការបង់ពន្ធ​ស្មើភាព​គ្នា។

លោកថា​ បញ្ហា​នេះ គឺ​ចង់​ឲ្យ​អ្នក​ប្រកប​របរ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម គួរ​មក​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជម្រុញ​ការធ្វើ​ពាណិជ្ជកម្ម​អភិវឌ្ឍន៍​រីកចម្រើន​ទាំងអស់គ្នា នឹងមាន​ការបង់ពន្ធ​ស្មើរ​ភាព​គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here