ដោយ: លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃសុក្រនេះថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិន បានធ្លាក់ចុះនៅក្នុងខែកញ្ញា ខណៈដែលប្រាក់ដុល្លារបានកើនឡើង ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។
នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។
លោកស្រី Wang Chunying អ្នកនាំពាក្យរដ្ឋបាលរដ្ឋនៃក្រសួងការបរទេសចិនបាននិយាយថា ទុនបំរុងប្តូរប្រាក់បរទេសរបស់ប្រទេស ដែលធំជាងគេលើពិភពលោក បានធ្លាក់ចុះមកត្រឹម៣,០២៩ពាន់ពាន់លានដុល្លារកាលពីខែមុន ធៀបនឹង៣,០៥៥ពាន់ពាន់លានដុល្លារនៅចុងខែសីហា។
ប្រាក់យ័នបានធ្លាក់ចុះ៣,២ភាគរយ ធៀបនឹងប្រាក់ដុល្លារក្នុងខែកញ្ញា ខណៈដែលប្រាក់ដុល្លារ បានកើនឡើងប្រហែលដូចគ្នា ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។
តម្លៃនៃទុនបំរុងមាសរបស់ប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម១០៤,៧២ពាន់លានដុល្លារ នៅចុងខែកញ្ញាពី១០៧,៤៩ពាន់លានដុល្លារនៅចុងខែសីហា។
ធនាគារកណ្តាលរបស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែកញ្ញាថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវទុនបម្រុងហានិភ័យនៃការប្តូរប្រាក់បរទេស សម្រាប់កិច្ចសន្យាប្តូរប្រាក់ មានកាលកំណត់មួយចំនួន ដែលជាការផ្លាស់ប្តូរ ធ្វើឱ្យរូបិយប័ណ្ណប្រាក់យ័នមានតម្លៃថ្លៃជាងមុន ដើម្បីបន្ថយល្បឿននៃការធ្លាក់ថ្លៃនាពេលថ្មីៗនេះ៕