អគ្គនាយកដ្ឋានគយស្នើសុំពន្យារពេលប្រមូលចំណូលពន្ធលើរថយន្តចង្កូតស្ដាំអត់ពន្ធដែលចុះបញ្ជីរួច

ដោយ: សូរិយា

ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អង្គភាពគយកំពុងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការពន្យារពេលបង់ពន្ធអាករចំពោះរថយន្តចង្កូតស្តាំ ដែលមានស្រាប់ក្នុងស្រុក ខណៈថ្ងៃឱសានុវាទនឹងឈាន ដល់នាថ្ងៃទី៨ ខែតុលាខាងមុខ។

លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការប្រមូលពន្ធអាករមានស្រាប់ក្នុងប្រទេស កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ លោកបណ្ឌិតបានលើកឡើងថា “យើងគ្រោងលើកសំណើរជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចក្នុងការពន្យារពេល។ រយៈពេលប៉ុន្មានយើងនឹងសុំមតិយោបល់ យើងបានគិតគូរល្អិតល្អន់ដែរអំពីស្ថានភាព និងមូលហេតុដែលថ្នាក់ដឹកនាំគយស្នើសំណើសុំពន្យារនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការស្នើសុំអនុគ្រោះនេះ បន្ទាប់ពីបានមើលឃើញពីផលលំបាករបស់ម្ចាស់រថយន្តចង្កូតស្តាំ និងដើម្បីឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ហើយមិនទាន់មកបង់ពន្ធអាករ អាចមានលទ្ធភាពសន្សំថវិកាយកមកបង់ពន្ធអាករ។

លោកឲ្យដឹងទៀតថា “រដូវភ្លៀងយើងបានដឹងទាំងអស់គ្នាហើយ ការដ្ឋានដី គឺធ្លាក់ចុះអាជីវកម្ម ដែលមិនអាចយកមកដើម្បីប្រើប្រាស់បង់ពន្ធអាករទេ”។

លោកបណ្ឌិត បានលើកឡើងថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាមានចំនួន ៥ ៩៧៦គ្រឿង ដែលបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ក្នុងចំណោមរថយន្តចង្កូតស្តាំមានស្រាប់សរុបចំនួនជិត១ម៉ឺនគ្រឿងដែលបានចុះបញ្ជី។ ចំណូលដែលបានមកពីការប្រមូលពន្ធអាកររថយន្តចង្កូតស្តាំជិត ៦ពាន់គ្រឿងនេះ មានចំនួនជិត ២០លានដុល្លារអាម៉េរិក។

លោកបន្តថា បច្ចុប្បន្នមន្ត្រីគយ បានទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំនៅតាមព្រំដែនបានល្អប្រសើរ ដោយពុំមានករណីនាំចូលដូចមុនទៀតទេ។ បើរកឃើញរថយន្តចង្កូតស្តាំលួចនាំចូលមកកម្ពុជា នោះអាជ្ញាធរនឹងដកហូតភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here