ដោយ: សូរិយា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានដាក់ចេញនូវគោលដៅមួយចំនួន ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែង ជាពិសេស បង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។
ថ្លែងក្នុងពិធីបើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងថា ខណៈដែលកម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយ ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងស្របពេលកម្ពុជា ដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី ដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់នោះ រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្តឯកសារគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពលជាដើម។
សម្តេចតេជោ បានថ្លែងបន្តថា សម្រាប់ទិសដៅខាងមុខ ក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពស្មុគស្មាញ និងភាពមិនប្រាក់ប្រជាខ្ពស់ រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។
បច្ចុប្បន្ននេះ ក្នុងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ កម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ដោយក្លាយជាប្រទេសហត្ថលេខី រួមមាន កិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តសកល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕