រដ្ឋាភិបាលសម្រេចផ្តល់សាច់ប្រាក់ជំនួយសង្គមដល់ពលរដ្ឋជាង២លាននាក់បន្ថែមទៀត

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយជាសាច់ប្រាក់ ដល់ប្រជាជនដែលងាយរងគ្រោះ ប្រមាណជាង២លាននាក់បន្ថែមទៀត ដើម្បីជួយសម្រាលផលប៉ះពាល់នៃវិបត្តិ។

សម្តេចតេជោបានមានប្រសាសន៍ថា តាមរយៈការដាក់បញ្ចូលពលរដ្ឋ ដែលរងគ្រោះពីការសម្ពាធអតិផរណា ដែលរាជរដ្ឋាភិបាលបានសម្រេច កាលពីម្សិលមិញ អាចនឹងមានពលរដ្ឋប្រមាណជាង៦០ម៉ឺនគ្រួសារ ដែលស្មើនឹងជាង២លាននាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធជំនួយសង្គមថ្មីនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងសន្និសីទចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០២២ ព្រឹកថ្ងៃទី៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបញ្ហាសង្គ្រាមរុស្ស៊ីអ៊ុយក្រែន ហើយបន្ថែមលើនេះទៀត គឺបញ្ហាទណ្ឌកម្មបានបង្កទៅបញ្ហានៅទូទាំងពិភពលោក។

សម្ដេចតេជោ លើកឡើងថា សរុបទាំងការជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះពីជំងឺកូវីដ-១៩ និងពលរដ្ឋ ដែលទទួលបានសាច់ប្រាក់ជំនួយសង្គមពីសម្ពាធអតិផរណានេះ ធ្វើឱ្យកម្ពុជាចិញ្ចឹមពលរដ្ឋប្រមាណជាង៥លាននាក់។

ដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះពីបញ្ហាអតិផរណានេះរដ្ឋាភិបាលក៏បានសម្រេចឲ្យមានទឹកប្រាក់ជំនួយសង្គមទៅដល់ពលរដ្ឋ ដែលរងគ្រោះនេះផងដែរ។ សម្ដេចបានថ្លែងថា “យើងមិនអាចទុកឲ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះ ដោយសារតែអតិផរណានោះទេ។ ដូច្នេះជាសំណាង ដែលយើងមានសល់ទុននៅក្នុងដៃមួយចំនួន ដើម្បីអន្តរាគមន៍ជួយចំពោះប្រជាជន ដែលរងផលប៉ះពាល់”។

បច្ចុប្បន្ន កម្ពុជាបានផ្ដល់សាច់ប្រាក់ជំនួយសង្គមជួយដល់ពលរដ្ឋដែលរងគ្រោះពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រមាណជាង៣លាននាក់ ដែលក្នុងមួយខែត្រូវចំណាយប្រមាណ៤០លានដុល្លារអាមេរិក។ មកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៨០០លានដុល្លារអាមេរិករួចមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here