ប្រទេសប៉ូឡូញប្រកាសបើកស្ថានកុងសុលកិត្តិយសជាផ្លូវការ នៅកម្ពុជាហើយ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ជារឿងអបអរសាទរមួយ ដែលកម្ពុជាមានបណ្តាប្រទេសជាមិត្តកាន់តែច្រើន ដោយសាធារណរដ្ឋប៉ូឡូញ បានប្រកាសបើកស្ថានកុងស៊ុ​លកិត្តិយសរបស់ខ្លួន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២កន្លងមកនេះ។

ពិធីនេះមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងលោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ លោក ចែម វិឌ្យា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Waldemar Dubaniowski បានថ្លែងនូវការស្វាគមន៍ ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញ ដែលនេះត្រូវបានចាត់ទុកថា ជាការបោះជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ (ប៉ូឡូញ-កម្ពុជា)។

លោកបានបញ្ជាក់ថា “កុងស៊ុលកិត្តិយសនេះ ក៏មានតួនាទីសំខាន់ក្នុងការដើរតួនាទីជាស្ពាន ពិសេសរវាងរដ្ឋាភិបាល អ្នកជំនួញ ការសម្របសម្រួលវប្បធម៌ និងការផ្លាស់ប្តូរការសិក្សាផងដែរ”។

បើតាមលោកឯកអគ្គរដ្ឋទូត នៅក្នុងវិស័យសេដ្ឋកិច្ច ប៉ូឡូញបានក្លាយជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា។ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប៉ូឡូញ មានការកើនឡើងជាវិជ្ជមាន ដោយបានឈានដល់៥៩០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលតួលេខនេះកើនឡើងជាង៣០ភាគរយ បើធៀបនឹងរយពេលដូចគ្នាកាលពីឆ្នាំ២០២០។

ជាមួយគ្នានេះ លោក ស សារិន ដែលត្រូវបានតែងតាំងជា កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ប៉ូឡូញ គឺត្រូវបានដឹកនាំដោយកិច្ចសហប្រតិបត្តិការ ការយោគយល់ទៅវិញទៅមក និងចំណងមិត្តភាពដ៏យូរអង្វែង។

ប្រទេសទាំងពីរបានរក្សាទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការល្អ ក្នុងវិស័យការទូត វប្បធម៌ និងពាណិជ្ជកម្ម ចាប់តាំងតែពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥៦មក។

លោកជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញនៅក្នុងប្រទេសកម្ពុជា នឹងជួយពង្រឹង និងធ្វើឲ្យស៉ីជម្រៅថែមទៀត នូវចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមិត្ត រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។

ក្នុងនាមជាកុលស៊ុលកិត្តិយស នៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅកម្ពុជា លោកនឹងទទួលបន្ទុកនូវតួនាទីសំខាន់ៗ ដោយក្នុងនោះរួមមាន ទាំងតួនាទីជួយអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ទេសច​រណ៍ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងវប្បធម៌រវាងសាធារណរដ្ឋប៉ូឡូញ និងកម្ពុជា ព្រមទាំងជួយផ្សព្វផ្សាយ លើកកម្ពស់សេដ្ឋកិច្ច វិទ្យាសាស្រ្ត វប្បធម៌ និងភាសារបស់ប៉ូឡូញ។

លោកបានបន្តថា “ការគាំទ្រជាមួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ពីសំណាក់វិស័យរដ្ឋ និងឯកជន នឹងដើរតួនាទីជាកត្តាគន្លឹះមួយ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការលើកស្ទួយចំណងទាក់ទងទ្វេភាគី រវាងកម្ពុជា និងប៉ូឡូញឲ្យដល់កម្រិតថ្មីមួយទៀត”។

លោក ស សារិន បានអះអាងទៀតថា ការបង្កើតស្ថានកុលស៊ុលកិត្តិយសរបស់សាធាណរដ្ឋប៉ូឡូញនាពេលនេះ នឹងមិនត្រឹមជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ វាក៏នឹងជួយបំពេញបន្ថែមដល់កិច្ចប្រឹងប្រែង របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្នុងការអនុវត្តការទូតសេដ្ឋកិច្ចផងដែរ។

ក្នុងចំណោមសកម្មភាពជាច្រើន លោកសារិនសង្ឃឹមថា នឹងអាចរៀបចំដំណើរទស្សនកិច្ចដោះដូរ បទពិសោធន៍ទៅវិញទៅមក ក៏ដូចជាដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងប្រទេសយើងទាំងពីរ។

លោកជឿជាក់ថា “ជោគជ័យនៃបេសកកម្ម របស់ស្ថានកុលស៊ុលកិត្តិយសប៉ូឡូញ នឹងជាកត្តាដែលមានតម្លៃធំមួយ ទៅក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបណ្តារដ្ឋដទៃទៀត ដែ​លជាសមាជិកសហភាពអឺរ៉ុប នៅក្នុងប្រទេសកម្ពុជា”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here