រដ្ឋាភិបាលទទួលបានចំណូលជិត៥ពាន់លានដុល្លារអាមេរិកពីស្ថាប័នសំខាន់ក្នុងរយៈពេល៣ត្រីមាស

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល៣ត្រីមាស នៃឆ្នាំ២០២២នេះ ចំណូលដែលបានមកពីពន្ធដារ និងពន្ធគយសរុបប្រមាណ៥ពាន់លានដុល្លារអាមេរិក ក្នុងនោះអគ្គនាយកដ្ឋានគយ រកចំណូលបានប្រមាណជាង២ពាន់លានដុល្លារអាមេរិក និងអគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានប្រមាណជិត២,៧ពាន់លានដុល្លារអាមេរិក។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយនៅថ្ងៃទី៥ តុលា ២០២២នេះឱ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រកចំណូលបាន២០២២លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៧៨,៦១ នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងកាលពីព្រឹកថ្ងៃទី៥ តុលាថា តួលេខនេះ គឺជាតួលេខដ៏ល្អមួយសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយរំពឹងថាក្នុងឆ្នាំ២០២២នេះ ការអនុវត្តផែនការចំណូលប្រចាំឆ្នាំ នឹងអាចគ្រប់តាមផែនការឬលើសផែនការតិចតួច ដោយសារតែពេលនេះ ជាពេលវេលាដែលកម្ពុជាបានឆ្លងផុតការលំបាក ហើយលទ្ធផលក្នុងត្រឹមតែ៩ខែ ទទួលបានប្រមាណ៧៨,៦១ភាគរយទៅហើយ ខណៈឆ្នាំ២០២០ពេញមួយឆ្នាំ ការប្រមូលពន្ឋ​សម្រេចតែ៨៣,៥ភាគរយ និងឆ្នាំ២០២១ សម្រេចត្រឹមតែ៨៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំប៉ុណ្ណោះ ។

ក្រលេកទៅមើលលទ្ធផល របស់អគ្គនាយកដ្ឋានពន្ធដារវិញ ក៏ឃើញថា ទទួលបានលទ្ធផលគាប់ប្រសើរដែរ ដោយក្នុងរយៈពេល៣ត្រីមាសពន្ធដាររកចំណូលបានរហូត ដល់ជិត២,៧ពាន់លានដុល្លារអាមេរិក ដោយរំពឹងថានឹងលើសផែនការច្បាប់កំណត់ ពីព្រោះនៅរៀងរាល់ចុងឆ្នាំការប្រមូលពន្ធតែងតែមានគំហុក ជាក់ស្ដែងពន្ធយានយន្ត ពលរដ្ឋតែងតែសម្រុកបង់ពន្ធនៅក្នុងត្រីមាសទី៤រៀងរាល់ឆ្នាំ ក្នុងអំឡុងខែតុលា និងខែ វិច្ឆិកា ។

ការសម្រេចបាននូវចំណូលពន្ធទាំងពីរ នឹងធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាព ក្នុងការគ្រប់គ្រងចំណាយចាំបាច់នានា ក៏ដូចជាការសាងសង់នូវសមិទ្ធិផលសំខាន់ៗ សម្រាប់ដំណើរការអភិវឌ្ឍជាតិ ហើយការអភិវឌ្ឍនឹងមិនអាចទៅរួចទេ បើគ្មានការចូលរួមបង់ពន្ធ ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកជាប់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here