រដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់សំរាប់ក្រុមជនងាយរងគ្រោះចំនួន៦ប្រភេទដែលប្រឈមហានិភ័យនឹងសម្ពាធធអតិផរណា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦ក្រុម បានទទួលការឧបត្ថម្ភសាច់ប្រាក់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាខ្ពស់។

យោងតាមសេចក្តីប្រកាសព៌តមានរបស់រដ្ឋាភិបាល ដែលទទួលបាន​កាលពីថ្ងៃទី៥ តុលាកន្លងមកបានបញ្ជាក់ទៀតថា ភាពងាយរងគ្រោះនៃ “គ្រួ​សារប្រជាពលរដ្ឋងាយរងហានិភ័យ ត្រូវបានកំណត់ដោយផ្តោតលើ​គ្រួសា ​ដែលរស់នៅកៀក ​នឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចជា ជនមានពិការភាព កុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរាមានអាយុចាប់ពី៦០ឆ្នាំឡើង ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី១៩-៥៩ ឆ្នាំ)។

សេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានសម្រេចរៀបចំ និងដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់ នៃអតិផរណានេះក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារ​ប្រជាពលរដ្ឋ​ងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ ដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណ​គ្រួសារងាយ​រងហានិភ័យ ​នៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋគោលដៅដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលលក្ខណសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យ នៃគ្រួសារ​ប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេស នឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការ​គាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។

កម្រិតប្រាក់ឧបត្ថម្ភ យន្តការ នីតិវិធី និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តី​សម្រេ​ចរបស់ប្រធានក្រុមប្រឹក្សា​ជាតិ គាំពារសង្គមនាពេលក្រោយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here