អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករបានជាង២ពាន់លានដុល្លារ ស្មើនឹង៧៨,៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ

ដោយ៖ សុផារី

 

ភ្នំពេញ៖ នៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ ចាប់ពីខែមករា ដល់ខែកញ្ញា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ និងអាករបានចំនួន២០២២,២លានដុល្លារ ស្មើនឹង៧៨,៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាម លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ។

 

លោក គុណ ញឹម បានឱ្យដឹងថា លទ្ធផលនៃការប្រមូលពន្ធក្នុងឆ្នាំ២០២២នេះ ទទួលបានតួលេខល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។ លោកបានថ្លែងថា “លទ្ធផលនៃការប្រមូលពន្ធអាកររយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបាន២០២២,២លានដុល្លារ ហើយបើគិតជាភាគរយនៃច្បាប់ថវិកាមានចំនួន៧៨,៦១ភាគ ហើយនេះជាតួលេខមួយដ៏ល្អ”

លោកបន្ដថា អគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជាសង្ឃឹមរំពឹងថា ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច ដោយសារតែពេលនេះជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា ក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែលលំបាក បង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការបិទខ្ទប់ប្រទេសផងដែរ ដែលជាមូលហេតុធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ៨៣,៥ភាគរយនៃច្បាប់វិកា និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧ភាគរយនៃផែនការប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here