ធនាគារធំៗរបស់សិង្ហបុរី ដំឡើងអត្រាការប្រាក់ថេរសម្រាប់កម្ចីទិញផ្ទះរហូតដល់ទៅជិត៤ភាគរយ

ដោយៈ សុខុម

សិង្ហបុរី: ធនាគារធំៗរបស់សិង្ហបុរី រួមមានទាំងធនាគារ DBS ធនាគារ UOB និងធនាគារ OCBC ផងបានដំឡើងអត្រាការប្រាក់ថេរ សម្រាប់កម្ចីទិញផ្ទះរហូតដល់ទៅ៣,៨៥% កាលពីថ្ងៃអង្គារ ទី៤ ខែតុលា។

ធនាគារDBS ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចី ធំបំផុតរបស់សិង្ហបុរី បានដំឡើងអត្រាការប្រាក់នេះមុនគេ។ នៅលើគេហទំព័ររបស់ធនាគារនេះកាលពីព្រឹកថ្ងៃអង្គារ បានបង្ហាញកញ្ចប់អត្រាការប្រាក់ថេរចំនួន៤ ដែលមានចាប់ពីរយៈពេល២ដល់៥ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ចប់អត្រាការប្រាក់ទាំង៤នេះ សុទ្ធតែត្រូវបានកំណត់ក្នុងរង្វង់៣,៥%ក្នុងមួយឆ្នាំ។

ធនាគារ DBS កាលពីមុនធ្លាប់បានលុបចោលប្រាក់កម្ចី ដែលមានត្រាការប្រាក់ថេរទាំងអស់ ចេញពីគេហទំព័ររបស់ខ្លួន នៅពេលធនាគារនេះធ្វើការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ បន្ទាប់ពីធនាគារកណ្តាលអាមេរិក Federal Reserve បានដំឡើងអត្រាការប្រាក់យ៉ាងច្រើន ជាថ្មីម្ដងទៀតកាលពីខែមុន។

ធនាគារDBS បានកែសម្រួលអត្រាប្រាក់កម្ចី សម្រាប់កម្ចីទិញផ្ទះរបស់ខ្លួន លើកចុងក្រោយកាលពីចុងខែមិថុនា។ បន្ទាប់មក ធនាគារនេះបានដំឡើងអត្រាការប្រាក់ លើកញ្ចប់អត្រាការប្រាក់ថេររយៈពេល២ឆ្នាំ និង៣ ឆ្នាំរបស់ខ្លួនដល់២,៧៥%ក្នុងមួយឆ្នាំ ខណៈលុបចោលកញ្ចប់អត្រាការប្រាក់ ថេររយៈពេល៥ឆ្នាំ សម្រាប់អ្នកទិញអាផាតម៉ិន ដែលរដ្ឋសាងសង់លក់ឱ្យអ្នកដែលមានប្រាក់ចំណូលទាប។

ធនាគារនេះ ក៏បានដាក់ចេញនូវកញ្ចប់ប្រាក់កម្ចី ទិញផ្ទះថ្មីមួយផងដែរកាលពីសប្តាហ៍មុន ដោយអនុញ្ញាតឱ្យអ្នកដែលមានប្រាក់ចំណូលតិចជាង២.៥០០ដុល្លារសិង្ហបុរី (១.៧៤០ដុល្លារអាមេរិក) ក្នុងមួយខែទទួលបានប្រាក់កម្ចីទិញផ្ទះជាមួយ នឹងអត្រាការប្រាក់២,៦%ក្នុងមួយឆ្នាំ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here