ក្រសួងសេដ្ឋកិច្ចផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាមួយដើម្បីផ្តល់នូវពុទ្ធិ និងព័ត៌មានស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ អំពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដល់​អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ​ដើម្បីជាមូលដ្ឋានគ្រឹះ ​ក្នុងការសហការអនុវត្តរវាង គ.ល.ក. និងអាជ្ញាធរសាធារណៈពាក់ព័ន្ធ ​លើការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនេះប្រកបដោយ​ប្រសិទ្ធភាព ​និងស្មារតីទទួលខុសត្រូវខ្ពស់ ។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងពិធីបើក​សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មជូនដល់អាជ្ញាធរ​សាធារណៈ​ពាក់ព័ន្ធ ​នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះថា ​ជា​ទិដ្ឋភាព​គតិយុត្តិច្បាប់​ស្តីពីការ​បង្ក្រាប​ល្បែងស៊ីសង​ នៅកម្ពុជាដែលត្រូវបាន​អនុម័ត​ និង​ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល​ ក្នុងការផ្តល់ការ​អនុញ្ញាត​ឱ្យមាន​ល្បែងពាណិជ្ជកម្ម​នៅ​ក្នុងប្រទេសកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងការអនុវត្តជាក់ស្ដែង​នាពេលកន្លងមក មុនពេលដែលច្បាប់​ស្តីពីការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម​ចូលជាធរមាន រាជរដ្ឋាភិបាលមានយន្តការគ្រប់គ្រងវិស័យនេះ ដោយផ្អែកលើ​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយចំនួន ដូចជា ​ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​ សេចក្តីសម្រេច និង​សារាចរ​ណែនាំ​របស់រាជរដ្ឋាភិបាល ​ប្រកាសអន្តរក្រសួង និង ​សៀវភៅបន្ទុក ជាដើម ។

ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអនុញ្ញាតឱ្យមាន​ការគ្រប់គ្រងលើវិស័យកាស៊ីណូ ​និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាង​តឹងរ៉ឹង និងប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។

ដើម្បីធានាភាពរឹងមាំ តម្លាភាព សុចរិតភាព និងគណនេយ្យភាព របស់​ប្រតិបត្តិការ​មណ្ឌលល្បែងពាណិជ្ជកម្ម ច្បាប់នេះ​ក៏បានកំណត់អំពីលក្ខណៈសម្បត្តិ របស់បុគ្គល​ជា​កម្មសិទ្ធិករ ឬប្រតិបត្តិករ​ ដោយផ្តោតសំខាន់លើធនធានហិរញ្ញវត្ថុ ​សមត្ថភាពធុរកិច្ច គុណវុឌ្ឍ​របស់​អ្នកកាន់កាប់អាជ្ញាបណ្ណ ការពង្រឹងសមត្ថភាពស្ថាប័ន ការកំណត់អំពីប្រភេទអាជ្ញាបណ្ណ ដែនកំណត់​នៃការលេងល្បែង ​ការកំណត់អំពីចំណូលកាតព្វកិច្ច វិធានការនៃការ​ផ្សះផ្សារ​ និងដោះស្រាយវិវាទ និងការដាក់ទណ្ឌកម្ម ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here