កម្ពុជាទទួលដំណែងជាប្រធាននៃកិច្ចប្រជុំលំដាប់ពិភពលោកនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ


ដោយៈ សុផារី

ស្វីសៈ ប្រទេសកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានចូលទទួលយកដំណែង ជាប្រធាននៃកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារស្ដីពីផែនការកម្មវិធី និងការត្រួតពិនិត្យកម្មវិធី (84th Working Party on Programme Plan and Program Performance) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។

សន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ប្រព្រឹត្តទៅពីថ្ងៃទី៣-៧ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមជាអធិបតី ពីលោកស្រីRebeca Grynspan អគ្គលេខាធិការនៃអង្គការ UNCTAD ក៏ដូចជាប្រទេសជាសមាជិកអង្គការ UNCTAD ជាច្រើនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជា និងជាប្រធានកិច្ចប្រជុំ បានមានប្រសាសន៍ថា ការធ្វើជាប្រធានកិច្ចប្រជុំនេះ ជាកិត្តិយសមួយរបស់កម្ពុជា ហើយការងារនេះដែរ ក៏ជាការចូលរួមយ៉ាងសកម្មមួយរបស់កម្ពុជា ក្នុងដំណើរការនៃស្ថាប័នអង្គការសហប្រជាជាតិ ការកសាងពហុភាគីនិយម និងការអនុវត្តសកម្មភាពក្រោមសរសរស្ដម្ពទាំង៣ នៃអង្គការ UNCTAD គឺ ការស្រាវជ្រាវ និងវិភាគ ការកសាងកុងសង់ស៊ីស និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

ជាមួយគ្នានេះ លោក គង់ សុខហេង អនុព័ន្ធពាណិជ្ជកម្មប្រចាំស្ថានបេសកកម្មកម្ពុជា ក៏បានថ្លែងសេចក្ដីថ្លែងការណ៍របស់កម្ពុជា ដោយបានសំដែងនូវការគាំទ្រដល់ការងាររបស់អង្គការ UNCTAD ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដោយប្រទេសទាំងនោះ នៅមានភាពខ្វះខាតជាច្រើនដូចជា ការប្រកួតប្រជែងនៅមានកម្រិត កង្វះខាតផលិតភាព និងការអភិវឌ្ឍន៍សមត្ថភាព និងកម្រិតទាបនៃឧស្សាហភាវូបនីយកម្ម។

ជាមួយនោះដែរ តំណាងកម្ពុជាក៏បានស្នើសុំឱ្យអង្គការ UNCTAD ផ្សារភ្ជាប់ការងាររបស់ខ្លួន ជាមួយកិច្ចព្រមព្រៀងទីក្រុង Bridgetown ដែលជាឯកសារលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃអង្គការ UNCTAD និងផែនការសកម្មភាពទីក្រុងដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPOA) ២០២២-២០៣១៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here